កណ្តាលៈ បុរសម្នាក់ផឹកស្រាស្រវឹងជោកជាំ និងតែងតែមករករឿងឪពុកស្ទើរតែជារៀងរាល់ថ្ងៃ ស្រាប់តែស្រវឹងខ្លាំងនឹកឃើញថា ឪពុកចែកទ្រព្យមិនស្មើរបានវាយបំផ្លិញបំផ្លាញ និងបម្រុងដុតផ្ទះឪពុកចោលត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅចំណុច ផ្ទះជនរងគ្រោះភូមិឈើទាល២ -ឃុំឈើទាល-ស្រុកកៀនស្វាយ-ខេត្តកណ្ដាល។
នគរបាលស្រុកកៀនស្វាយបានប្រាប់អោយដឹងថា: ជនរងគ្រោះមានឈ្មោះ អ៊ឹម-វ៉េង ភេទប្រុស អាយុ៨២ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ ជាឪពុកជនល្មើស ។ជនល្មើសឈ្មោះ វ៉េង-វី ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិឈើទាល-ឃុំឈើទាល-ស្រុកកៀនស្វាយ-ខេត្តកណ្ដាល ត្រូវជាកូនបង្កើតជនរងគ្រោះ ( ចាប់ខ្លួន ) ។
វត្តុតាងចាប់យកមាន៖ ដែកទីបបួនជ្រុង មានប្រវែង១,៤០ ម៉ែត្រ ចំនួន០១និង ដំបងបំពង់ឫស្សីមានប្រវែង២,១០ម៉ែត្រ ចំនួន០១។
នគរបាលបញ្ជាក់ថា៖នៅថ្ងៃ-ខែ-ឆ្នាំនិងពេលម៉ោងកើតហេតុខាងលើ ជនរងគ្រោះនិងប្រពន្ធកំពុងដេកនៅលើផ្ទះរបស់ខ្លួន ស្រាប់តែជនល្មើសបានដើរពីផ្ទះរបស់ខ្លួនមកផ្ទះជនរងគ្រោះដោយស្រវឹងស្រា ហើយស្រែកជេរប្រមាថនិងគំរាមរកសម្លាប់ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ ដោយឃើញសភាពបែបនេះ ជនរងគ្រោះបានបិទទ្វារផ្ទះនិងស្រែកអោយអ្នកជិតខាង-បងប្អូនជួយ។ ដោយមិនអាចធ្វើអ្វីលើជនរងគ្រោះបានជនល្មើសបានយកដែកទីបបួនជ្រុងនិងដំបងឫស្សីមកវាយបំផ្លាញទ្រព្យសម្បត្តិដូចជា៖
– វាយបំបែកកញ្ចក់ទ្វាផ្ទះនិងកញ្ចក់ទ្វាបង្អួចអស់ចំនួន៊៣ផ្ទាំង ។
– វាយបំផ្លាញកញ្ចក់ទូរទស្សន៍២១អ៊ិញ ចំនួន០១គ្រឿង ។
– វាយបំផ្លាញកង្ហាពិដានចំនួន០១គ្រឿង។ និងប្រមូលសំលៀកបំពាក់ខោ-អាវ របស់ជនរងគ្រោះគរមុខទ្វាផ្ទះបំរ៉ុងដុតផ្ទះជនរងគ្រោះទៀត តែដោយកំលាំងនគរបាលប៉ុស្តិ៍ឈើទាលជួយអន្តរាគមន៍ទាន់បានចាប់ខ្លួនជនល្មើសមកសាកសួរនៅប៉ុស្តិ៍ ជនល្មើសបានសារភាពថា៖ ខ្លួនធ្វើសកម្មភាពខាងលើនេះដើម្បីគំរាមកំហែងចាប់បង្ខំអោយជនរងគ្រោះបែងចែកទ្រព្យសម្បត្តិមកអោយខ្លួនដោយជនល្មើសចោទជនរងគ្រោះជាឪពុកថា លំអៀង ។ កន្លងមកជនល្មើសបានធ្វើសកម្មភាពមកផ្ទះជនរងគ្រោះអុកឡុកបង្កររឿងហេតុ-ជេរប្រមាថ-គំរាមកំហែងលើជនរងគ្រោះជាច្រើនដង តែជនរងគ្រោះមិនដែលប្ដឹងជនល្មើសទេដោយមានការយល់ថាជាកូន។ករណីខាងលើនេះប៉ុស្តិ៍នគរបាលឈើទាលបានបញ្ជូនខ្លួនជនល្មើស រួមទាំងវត្តុតាងមកផ្នែកជំនាញដើម្បីបន្តរតាមនីតិវិធី ៕
មតិយោបល់