តាកែវៈ បន្ទាប់ពីមានការភ្ញាក់ផ្អើលល្បីតៗគ្នាថា មានក្មេងៗឃ្វាលគោប្រលែងគ្នា រួចក៏ប៉ះចំកូនក្រឡតូចមួយ នៅកៀនភ្លឺស្រែខ្ទាតចេញ មាសបុរាណរួចមក រហូតមកដល់ថ្ងៃនេះ ប្រជាជនជាច្រើននៅតែបន្ដនាំគ្នាសម្រុកទៅជីករកមាសនៅតាមវាលស្រែនៃឃុំ ព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។
ប្រជាពលរដ្ឋដែលមកជីករកវត្ថុមានតម្លៃនោះ បាននិយាយថា កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ មានការភ្ញាក់ផ្អើលតៗគ្នាថា មានក្មេងៗ ទៅឃ្វាលគោដូចសព្វមួយដង ហើយបានប្រលែងគ្នា រួចក៏ប៉ះចំកូនក្រឡតូចមួយ នៅកៀនភ្លឺស្រែ ស្ថិតនៅចំណុចវាលស្រែខាងត្បូង ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី និងមានមាសខ្ទាតចេញមកខាងក្រៅ រើសបានជាបន្ដបន្ទាប់។
ប្រភពពីបន្ដថា ក្រោយពីមានការល្បីថា មានមាសផុសឡើងជាក់ស្ដែងបែបនេះ ក៏ស្រាប់តែប្រជាពលរដ្ឋក្នុងស្រុកអង្គរបូរី នាំគ្នាសម្រុកឥតឈប់មកជីកដីរាវរកមាសតៗគ្នា រហូតមកដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ទើបមានក្រុមការងារស្រុក និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះមកណែនាំ និងហាមឃាត់ប្រជាពលរដ្ឋកុំឲ្យនាំគ្នាមកជីកដីរកមាសនៅចំណុចនេះ តទៅទៀត។
ប្រជាពលរដ្ឋបានបន្តទៀតថា ស្រុកអង្គរបូរីជាទឹកដីនៃទីក្រុងដំបូងគេបង្អស់ របស់ប្រទេសកម្ពុជា ហើយជាទីក្រុងរបស់ស្ដេចគង់នៅដែលហ៊ុមព័ទ្ធទៅដោយកំពែងជុំវិញ និងមានសម្បត្តិមានតម្លៃរាប់រយជំពូក។ ដូច្នេះហើយបានជារឿយៗប្រជាពលរដ្ឋ តែងតែរើសបានមាស ឬវត្ថុបុរាណប្លែកៗ មានដូចជាសម្ភារៈប្រើប្រាស់របស់ស្ដេចកាលពីសម័យមុន។
ជុំវិញករណីខាងលើ លោក ជា សម្បត្តិ ប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកអង្គរបូរី បានឲ្យដឹងថា បច្ចុប្បន្ននេះខាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចុះអប់រំ និងណែនាំដាច់ខាតមិនឲ្យពលរដ្ឋលើកគ្នាមកជីកដីយកមាសនៅតំបន់នេះតទៅទៀតទេ ។
ចំណែកប្រជាពលរដ្ឋនៅតំបន់ខាងលើ គឺនៅតែបន្ដសកម្មភាពជីកដីរកមាសដដែល ព្រោះពួកគេអះអាងថា ជាទង្វើស្របច្បាប់ មិនបានប្រព្រឹត្តអ្វីផ្ទុយពីច្បាប់នោះទេ បើពួកគេមានវាសនាជីកបានមាសមែននោះ ពួកគេនឹងធ្វើជាអ្នកមាន ហើយការជីករកមាសរបស់ពួកគាត់ គឺមិនមានផលប៉ះពាល់អ្វីដល់ទ្រព្យសម្បត្តិបុគ្គលឯកជនណាទេ៕
មតិយោបល់