ព័ត៌មានជាតិ

កូរ៉ូទ្បា បុករថយន្តBMW ស្លាកលេខ ខេមរភូមិន្ទ 02-7699 ហើយបន្តទៅបុកផ្ទះ ប្រជាពលរដ្ឋទៀត!

ភ្នំពេញ: បុរសម្នាក់ស្រវឹងជោក បើករថយន្តកូរ៉ូឡា ទៅបុកនឹងរថយន្តBMWស៊េរីទំនើបមួយគ្រឿង ហើយបន្តទៅបុកផ្ទះលក់អីវ៉ាន់ទៀត បណ្តាលឲ្យរថយន្តរងការខូចខាតរថយន្តទាំងសងខាង រួមនឹងខូចផ្ទះប្រជាពលរដ្ឋ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ កែង ៤២៦ សង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AO-3612 បើកបរដោយបុរសម្នាក់ស្រវឹងជោក បើកតាមបណ្តោយផ្លូវ៤២៦ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្តBMW-X6 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ខ.ម02-7699 ចតនៅខាងមុខផ្ទះ ហើយរថយន្តកូរ៉ូឡានោះមិនទាន់អស់ល្បឿនក៏បន្តទៅបុកនឹងរបងផ្ទះរបស់ប្រជាពលរដ្ឋដែរដាក់ស្លាកយីហោ អេវឺ ហ្រេ្វស បណ្តាលឲ្យបាក់ទ្វា បែកកញ្ចក់ផ្ទះ និងរទះអាំងសាច់១នៅខាងមុខផ្ទះ។ រីឯរថយន្ត BMW-X6 វិញរងការខូចខាតផ្នែកខាងមុខខាងឆ្វេងនៃរថយន្ត ហើយរថយន្តបង្ករងការខូចខាតបែកកង់ផ្នែកខាងឆ្វេងនឹងខាងមុខបែកកញ្ចក់ផ្ទុះពោងសុវត្ថិភាពទាំង២ តែសំណាងល្អមិនបង្កឲ្យមាននាក់ណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តបង្កបានកក់ប្រាក់ចំនួន៥០០ដុល្លារទៅម្ចាស់ផ្ទះនឹងធ្វើលិខិតស្នាមផ្តិតមេដៃថានឹងធានាធ្វើឡើងវិញឲ្យស្អាតហើយម្ចាស់ផ្ទះនឹងឲ្យប្រាក់កក់វិញ។ ចំណែរថយន្ត BMW-X6 ស្គាល់គ្នាជាមួយខាងភាគីបង្ក ដូច្នេះហើយគាត់គ្រាន់តែឲ្យយករថយន្តរបស់គាត់ទៅធ្វើឡើងវិញហើយចេញម្នាក់ពាក់កណ្តាលដើម្បីបញ្ចប់រឿង ៕

មតិយោបល់