ត្បូងឃ្មុំៈ ពិតជាដូចពាក្យចាស់និយាយមែន ឈាមស្រែកស្បែកហៅ ពេលនេះឃាតក ដែលធ្វើសកម្មភាពកាប់សម្លាប់ប្តីប្រពន្ធ២នាក់ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាម នៅភូមិ៥ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ កាលពីថ្ងៃ២០ ខែតុលា ឆ្នាំ២០១៧កន្លងនោះ រយៈពេល៥ថ្ងៃក្រោយត្រូវសមត្ថកិច្ចវែកមុខនិងឃាត់ខ្លួន ឃាតករូបនោះបានហើយ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីឃាតក បានសម្លាប់ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ នៅភូមិខាងលើ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទី៥ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រួចមក អស់រយៈពេល៥ថ្ងៃក្រោយ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ បែន រត្ន័ បានកំណត់មុខសញ្ញាដោយដាក់ផែនការហ្មត់ចត់ និងការដឹកនាំប្រត្តិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន លោកវរសេនីយ៍ទោ ចក់ សុខកៅ លោក វរសេនីយ៍ទោ សាំ ហេង រួមនិងកម្លាំងជាច្រើននាក់ទៀត បានបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ។
ក្នុងនោះជនសង្ស័យទី១ ឈ្មោះ ជ្រូក ចាន់ ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិ៧ (ចម្ងាយប្រមាណ១គីឡូម៉ែត្រពីផ្ទះជនរងគ្រោះ) ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ។ ជននេះធ្លាប់ជាប់ពន្ធនាគារ២ លើកពីបទលួចប្លន់ ( ឆ្នាំ១៩៨៩ម្តង, ឆ្នាំ២០១២ម្តង) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈកំពុងឆក់ត្រីតាមដងទន្លេ។
ជនសង្ស័យទី២ ឈ្មោះ មួន ជ្រាយ ភេទប្រុស អាយុ ៤១ឆ្នាំ ស្នាក់នៅក្បែរផ្ទះជនសង្ស័យទី១ ហើយជនសង្ស័យរូបនេះជាមុខសញ្ញាលួចប្លន់ជាមួយជនសង្ស័យទី១ កាលពីឆ្នាំ២០១២ហើយបានគេចខ្លួនរហូត ទើបនឹងចូលមកមូលដ្ឋានវិញថ្មីៗ ហើយក៏ប្រព្រឹត្តករណីឃាតកម្មសម្លាប់ជនរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនខណៈដែល ពួនក្នុងពំនូកចំបើងនៅផ្ទះតែម្តង។
បន្ថែមពីលើនោះ សមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន៖ ដាវ ១ដើម ជាប់ស្នាមឈាមមនុស្សនិងទើបលាងសម្អាតតែមិនជ្រះ , កណ្តៀវ ១ ជាប់ស្នាមឈាមហើយទើបសំលៀងបន្ថែមថ្មីៗ , កាំបិតផ្គាក់ផ្លែត្រង់ ១ជាប់ស្នាមឈាមមនុស្ស រួមនិងសំណាកនៅលើដីក្បែរអាងទឹក ផ្ទះជនសង្ស័យមានស្នាមឈាមដែលលាងដាវលាងកាំបិត ។
ក្រោយការឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ហើយនោះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង២នាក់ទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំហើយកាលពីថ្ងៃ២៨ ខែតុលា ឆ្នាំ២០១៧៕













មតិយោបល់