ព័ត៌មានកីឡា

ចុម! Honda ដូចជាកាក់កបនៅម៉ិកស៊ីកូ

ខ្សែប្រយុទ្ធជប៉ុន Keisuke Honda ហាក់ដូចជាមានព្រលឹងឡើងវិញហើយ ក្រោយពីផ្លាស់ទៅ​លេងឲ្យក្រុម Pachuca របស់ប្រទេសម៉ិកស៊ីកូ ដោយកីឡាកររូបនេះ ស៊ុតបាន១គ្រាប់ទៀតហើយ ឲ្យក្លិប​ថ្មីរបស់គេមួយនេះ។

បើទោះបីជានៅម៉ិកស៊ីកូ មិនមែនជាលីគល្បីល្បាញ ដូចនៅអឺរ៉ុបក៍ដោយ តែសម្រាប់ខ្សែប្រយុទ្ធជប៉ុន Keisuke Honda ហាក់ដូចជាទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការប្រកបអាជីពនៅទីនោះ។ ជាក់ស្តែងណាស់ ក្នុងការធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Santos ក្នុងការប្រកួតលីគកំពូលរបស់ម៉ិកស៊ីកូ Honda ធ្វើបសនយ៉ាងល្អ ដោយអាចរកបាន ១គ្រាប់ទៀត ក្នុងជំនួប ដែលបញ្ចប់ដោយលទ្ធផល ២-២ នេះ។

គួរបញ្ជាក់ផងដែរថា នៅតង់ទី១ ក្រុម Pachuca បាននាំមុខមុន រហូតដល់ទៅ ២គ្រាប់ ដែលស៊ុតដោយ កីឡាករ Franco Daniel Jara នៅនាទីទី៣១ និង កីឡាករជប៉ុន Keisuke Honda ១គ្រាប់ នៅនាទីទី ៤១ ខណៈនៅ១ នាទីបន្ទាប់កីឡាករ Djaniny រកបាន ១គ្រាប់សងវិញ ឲ្យក្រុម Santos ។ ឈានចូលដល់តង់ទី២ ​ ក្រុមម្ចាស់ផ្ទះ Santos បានបើកការវាយលុកយ៉ាងខ្លាំង ដោយអាចរកគ្រាប់បាល់ ១គ្រាប់ទៀត តាមស្មើលើក្រុម Pachuca ដោយការស៊ុតរបស់កីឡាករ Djaniny ដដែល នៅនាទីទី៦១ ។

ការវាយលុកទៅវិញ ទៅមករបស់ក្រុមទាំង២ មិនអាចធ្វើអ្វីគ្នា បានឡើយ ដោយបញ្ចប់លទ្ធផល ក្រុម Santos ប្រកួតស្មើក្រុម Pachuca ក្នុងលទ្ធផល ២-២ ។ ដូច្នេះហើយ Keisuke Honda អាចស៊ុតបាន ១គ្រាប់ទៀតហើយឲ្យក្រុម Pachuca ដែលនេះគឺជាគ្រាប់បាល់ទី៤ ហើយរបស់កីឡាករជប៉ុនរូបនេះ នៅក្លិបថ្មី។

មតិយោបល់