ព័ត៌មានជាតិ

ស្ត្រី​ដែល​ដេក​តិចពេក​អាច​ប៉ះ​ពាល់​ដល់​បេះដូង

​ស្ត្រី​ខ្លះ​ចូល​ដំណេក​យឺត ប៉ុន្តែ​មិន​ហ៊ាន​ដេក​យូរ​រហូតដល់​ម៉ោង ៧ ឬ ៨ ឡើយ​ព្រោះ​ខ្លាច​គេ​ថា​ជា​ស្ត្រី​ខ្ជិល ឬ​ស្ត្រី​ដេក​ទ្រមក់​ជាដើម តែ​ពេល​នេះ​សុភាព​នារី​ទាំងឡាយ​អាច​ដណ្ដប់ភួយ​ដេក​យូរ ហើយ​អាច​លើក​ហេតុផល​ដ៏​ល្អ​មួយ​មក​ពន្យល់​។ ការសិក្សា​ថ្មី​បំផុត​មួយ​បាន​រកឃើញថា ការ​ទទួលទានដំណេក​មិន​គ្រប់គ្រាន់​ធ្វើឲ្យ​ស្ត្រី​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់ ប៉ុន្តែ​ចំណែក​បុរស​វិញ​មិនសូវ​ជា​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ​។​

girl-sleeping

​លទ្ធផល​នៃ​ការស្រាវជ្រាវ​បង្ហាញថា ស្ត្រី​ដែល​ដេក​តិចជាង​៨​ម៉ោង​នៅ​ពេលយប់ អាច​ប្រឈម​មុខ​ខ្ពស់​នៅក្នុង​ការកកើត​រោគ​បេះដូង​។​

​មី​សែ​ល មីល័រ (Michelle Miller) សាស្ត្រាចារ្យ​ខាង​ផ្នែក​វេជ្ជសាស្ត្រ​គីមី នៅ​សាលា​ពេទ្យ​នៃ សាកលវិទ្យាល័យ​វ៉ា​វ៉ី​ក (Warwick) ដែលជា​អ្នក​ធ្វើ​ការស្រាវជ្រាវ​នេះ​បាន​និយាយថា មនុស្ស​គ្រប់រូប​គួរតែ​ព្យាយាម​ដេក​ពី ៧ ទៅ ៨​ម៉ោង ហើយ​ចំពោះ​ស្ត្រី ជា​ពិសេស​ត្រូវ​តែ​ដេក​ឲ្យបាន​ត្រឹម​ចំនួន​ខាងលើនោះ​។ សាស្ត្រាចារ្យ មីល័រ បាន​និយាយថា «​លទ្ធផល​នេះ​ដូចគ្នា​ជាមួយ​នឹង​ការរកឃើញ​នៃ​ការស្រាវជ្រាវ​មុនៗ​ដែល​អះអាង​ថា ការ​ដេក​មិន​គ្រប់គ្រាន់​មាន​ការពាក់ព័ន្ធ​ធ្វើឲ្យ​កើតរោគ​បេះដូង ប៉ុន្តែ​ការសិក្សា​យើង​នេះ​ផ្ដោត​ការយកចិត្តទុកដាក់​ចំពោះ​ផលប៉ះពាល់​លើ​ស្ត្រី និង​ភាពខុសគ្នា​នៃ​ផល​ប៉ះពាល់​រវាង​បុរស និង​ស្ត្រី​»​។​

​ការស្រាវជ្រាវ​នេះ​ធ្វើឡើង​រួម​គ្នា​រវាង​សាកលវិទ្យាល័យ​វ៉ា​វ៉ី​ក និង​សាកលវិទ្យាល័យ​ឡុង​ដុង (college London)​។ គេ​បាន​រកឃើញថា មាន​កម្រិត​នៃ​សារជាតិ​ចំនួន​ពីរ​ដែល​នាំឲ្យមាន​បញ្ហា បេះដូង​មាន​លក្ខណៈ​ខុស​គ្នា​ច្រើន​គួរឲ្យកត់សម្គាល់ ទៅតាម​រយៈពេល​នៃ​ដំណេក​របស់​ស្ត្រី ប៉ុន្តែ​កម្រិត​នៃ​សារជាតិ​ទាំងពីរ​នោះ​មិន​ប្រែប្រួល​ខ្លាំង​លើ​ខ្លួន​បុរស​នោះ​ទេ​។​

​កម្រិត​នៃ​សារជាតិ Interleukin-6 ដែល​ពាក់ព័ន្ធ​បង្ក​ឲ្យ​កើត​មាន​ជំងឺ​បេះដូង​មាន​ការធ្លាក់​ចុះ​យ៉ាងច្រើន​ចំពោះ​ស្ត្រី​ដែល​បាន ៨​ម៉ោង ប៉ុន្តែ​ចំពោះ​ស្ត្រី​ដែល​ដេក​បាន ៧ ម៉ោង​មិន​សូវ​ធ្លាក់​ចុះ​ទេ​។ ចំណែក​កម្រិត hs-CRP ដែល​ជា​សារជាតិ​មួយ​អាច​បង្ហាញ​ពី​ភាពគ្រោះថ្នាក់​នៃ​រោគ​បេះដូង​នាពេល​អនាគត​នោះ កើនឡើង​ខ្ពស់​មែនទែន​ចំពោះ​ស្ត្រី​ដែល​ដេក​បាន​ត្រឹមតែ ៥​ម៉ោង ឬ តិចជាង​៥​ម៉ោង​។​

​ទៅ​បី​ជា​យ៉ាងណា​ក៏ដោយ ចំពោះ​បុរស​វិញ​ភាពខុសគ្នា​នៃ​កម្រិត​ទាំង​ពីរ​នោះ​មិនសូវ​ជា​មាន​ការប្រែប្រួល​នោះទេ បើ​ទោះ​ជា​ចំនួន​នៃ​ការ​ដេក​ខុសគ្នា​ក៏ដោយ​។​

​សាស្ត្រាចារ្យ មីល័រ និយាយថា ការសិក្សា​បន្ថែម​នឹង​ត្រូវ​គេ​ធ្វើ​ជា​បន្ត​ទៀត​ដើម្បី​ឲ្យដឹង​ពី​ភាពខុស​គ្នារ​វាង​ស្ត្រី និង​បុរស​នេះ ប៉ុន្តែ​គាត់​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ភាពខុស​គ្នា​នោះ​អាច​បណ្ដាល​ឲ្យ​កម្រិត​អ័រម៉ូ​ន​បុរស និង​ស្ត្រី​មិន​ដូចគ្នា​។​

​ការស្រាវជ្រាវ​ដែល​គេ​បាន​បោះពុម្ពផ្សាយ​នៅលើ​ព្រឹត្តិបត្រ​ព័ត៌មាន American Journal Sleep នោះ​មាន​ការចូលរួម​ពី​មន្ត្រីរាជការ​ចំនួន​ជាង ៤,៦០០​នាក់ នៅក្នុង​ទីក្រុង​ឡុង​ដុង ដែល​មាន​អាយុ​ចាប់ពី​៣៥​ឆ្នាំ ដល់​៥៥​ឆ្នាំ​ហើយ​នៅក្នុង​ចំណោម​នោះ​ប្រហែលជា​៧៣​ភាគរយ​គឺ​ជា​បុរស​។ អ្នកចូលរួម​ទាំងអស់ ត្រូវបាន​គេ​សាកសួរ​អំពី​រយៈពេល​នៃ​ការ​ដេក​របស់​ពួកគេ ហើយ​បន្ទាប់មក​គេ​បាន​ពិនិត្យ​សុខភាព ដោយ​ក្នុង​នោះ​រួមមាន​ទាំង​ការ​ធ្វើតេស្ត​ឈាម​ផងដែរ​។​

​អ្នកស្រី ជូន ដាវី​សាន់ (June Davison) គិលានុបដ្ឋាយិកា​ផ្នែក​ជំងឺ​បេះដូង ធ្វើការ​នៅ British Heart Foundation បាន​និយាយថា «​ការសិក្សារ​នេះ​រកឃើញថា ស្ត្រី​ដែល​ដេក​តិច​ភាគច្រើន​កើតមាន​រោគសញ្ញា​នៃ​ការ​រលាក​។ ចំពោះ​បុរស​វិញ​គឺ​គ្មាន​រោគសញ្ញា​នោះទេ​»​។ គេ​ជឿ​ថា ការ​រលាក​នៅក្នុង​រាងកាយ​របស់​យើង​នោះ​គឺ​បណ្ដាលមកពី​រោគ​បេះដូង​។​

​ការសិក្សា​មុនៗ​បាន​អះអាង​ថា ការ​ដេកលក់​ស្រួល​នៅពេល​យប់ ប្រហែលជា​អាច​ធ្វើឲ្យ​បេះដូង​របស់​យើង​មាន​សុខភាព​ល្អ ហើយ​លំហូរ​ឈាម​មាន​លក្ខណៈ​ល្អប្រសើរ ហើយ​ការសិក្សា​នេះ​កាន់តែ​ចង្អុលបង្ហាញ​យ៉ាងច្បាស់​ថា ការ​ដេក​បាន​គ្រប់គ្រាន់​មាន​ប្រយោជន៍​ចំពោះ​បេះដូង ពិសេស​គឺ​សម្រាប់​ស្ត្រី​តែ​ម្ដង​៕​

មតិយោបល់