ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ ក្រោយពីបើកសវនាការជាលើកទី២ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ លោក ជា សុចាន់ដេត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រម ផ្តន្ទាទោសជនជាប់ចោទ៖
-ទី១ឈ្មោះ អ៊ី សោភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងទី២ឈ្មោះ សួង ធី ហៅ ឪ (ធ្លាប់ជាប់គុករឿង លួច) ភេទប្រុស អាយុ ៥៤ឆ្នាំ ទីលំនៅភូមិទួលរកា ឃុំស្អាងលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដាក់ពន្ធនាគារកំណត់រយៈពេលក្នុងម្នាក់ៗ ២៥ឆ្នាំ។
-ទី៣ឈ្មោះ សួន ប៊ុនធឿន ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅភូមិដុំខ្វិត ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ទី៤ឈ្មោះ ស្វាយ តាក់ ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិរាមកណ្តាល ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ទី៥ឈ្មោះ សាត ធីម ភេទប្រុស អាយុ៣៩ឆ្នាំ (ធ្លាប់ជាប់គុក រឿងដឹកឈើខុសច្បាប់) ទីលំនៅភូមិទួលតានាង ឃុំកែស្រទាប់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទី៦ឈ្មោះ អ៊ី បូរ៉ា ដាក់ពន្ធនាគារកំណត់រយៈពេលក្នុងម្នាក់ៗ ២៣ឆ្នាំ។
-ទី៧ឈ្មោះ អឿន សុផា ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅភូមិថ្មី ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី៨ឈ្មោះ មាស ធីម ភេទប្រុស អាយុ ៣៥ឆ្នាំ (ធ្លាប់ជាប់គុក រឿងប្លន់) ទីលំនៅភូមិប្រសប់ជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងទី៩ឈ្មោះ ហម ហាន ភេទប្រុស អាយុ ៤៥ឆ្នាំ (ធ្លាប់ជាប់គុក រឿងប្លន់) ទីលំនៅភូមិព្រៃរឹង សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់រយៈពេលក្នុងម្នាក់ៗ ២០ឆ្នាំ។
ពីបទ អំពើលួចមានស្ថានទម្ងន់ទោសដោយសារមរណ:ភាពនៃជនរងគ្រោះ ឈ្មោះ រី សុភាព ហៅ ប៉ន ភេទប្រុស អាយុ ៤៣ឆ្នាំ ជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ ប្រព្រឹត្តកាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ចំណុចភូមិព្រៃក្រាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបទប៉ុនប៉ងលួច (ប្លន់ផ្ទះវេលុយវីង) ប្រព្រឹត្តកាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ យោងតាមមាត្រា ២៧ មាត្រា ៣៥៣ មាត្រា ៣៥៧ និងបទយោងតាមមាត្រា ៣៦០ នៃក្រមព្រហ្មទណ្ឌ។
សាលក្រមដដែលក៏បានបង្គាប់ឱ្យជនជាប់ចោទទាំងអស់រួមគ្នាសងទៅដើមបណ្ដឹងចំនួន ២០០០ដុល្លារ និងបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ អ៊ី បូរ៉ា យកទៅអនុវត្តទោសក្នុងពន្ធនាគារតាមច្បាប់។
នៅក្នុងសវនាការ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ក្រុមជនជាប់ចោទ បានឆ្លើយដូចៗគ្នាថា ឈ្មោះ ភ័ណ្ឌ ធំ ដែលកំពុងរត់គេខ្លួននោះ ជាអ្នកផ្តើមគំនិតប្លន់ និងជាអ្នកបាញ់សម្លាប់ជនរងគ្រោះ ជាអ្នកភូមិរស់នៅក្បែរផ្ទះកើតហេតុ ដែលព្យាយាមជួយគ្រួសារជនរងគ្រោះ។
ក្រុមជនជាប់ចោទបន្តថា ជនជាប់ចោទឈ្មោះ ហម ហាន ជាអ្នករស់នៅជិតផ្ទះជនរងគ្រោះ និងជាអ្នកប្រមូលព័ត៌មាន មុនពេលចូលទៅប្លន់នៅផ្ទះថៅកែលក់ស្រូវនោះ។
នៅពេលដែល ពួកគេប្លន់នោះ បានលុយ ៤០០ដុល្លារ និងគ្រឿងអលង្ការមួយចំនួនទៀត យកទៅលក់បាន ១៧៥ដុល្លារ ដើម្បីយកលុយចែកគ្នាចាយ។
នៅមុនពេលចេញទៅប្លន់ពួកគេ បានប្រមូលម្តុំគ្នាផឹកស៊ីនៅ ភ្នំរាប សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ក្រោយមកទើបនាំជិះម៉ូតូ ៣គ្រឿង ប្រដាប់ដោយអាវុធ AK៤៧ ៣ដើម ទៅប្លន់ផ្ទះជនរងគ្រោះតែម្តង។
ដោយសារតែប្លន់បានជោគជ័យនៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦រួច ក្រុមពួកគេបាន រៀបគម្រោងចេញប្លន់នៅផ្ទះ វេលុយវីង ម្តងទៀត ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ក្រៅពីជនត្រូវចោទចំនួន៨នាក់ខាងលើ ដែលត្រូវតំណាងអយ្យការសម្រេចចោទប្រកាន់នេះ នៅមានបក្ខពួកចំនួន ៣នាក់ទៀត ដែលកំពុងរត់គេចខ្លួនទី១ឈ្មោះ ភ័ណ្ឌ ធំ ទី២ឈ្មោះ រ៉ា និងទី៣ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
នៅយប់កើតហេតុក្រោយពេលពួកគេប្លន់នៅខណ្ឌពោធិសែនជ័យរួច ពួកគេដើរទៅចាំគ្នីគ្នាមកទទួលនៅម្តុំភ្នំត្មាតពង តាមបណ្តោយផ្លូវជាតិលេខ ៥១ នាខេត្តកំពង់ស្ពឺ និងសម្រាកនៅខេត្តកំពង់ស្ពឺនៅពេលថ្ងៃ ហើយពេលយប់បានត្រលប់មកភ្នំពេញវិញ។
សូមបញ្ជាក់ថា សំណុំរឿងនេះ ដើមបណ្ដឹង និងជនរងគ្រោះ មិនបានប្តឹងទាមទារសំណងជំងឺចិត្តនោះទេ។
គួររំលឹកថា ក្រុមជនសង្ស័យ ៨នាក់ខាងលើត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយខណ្ឌពោធិសែនជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧កន្លងទៅ ក្រោយពីពួកគេបានធ្វើសកម្មភាពប្លន់ បាញ់សម្លាប់ម្ចាស់ផ្ទះលក់ស្រូវមួយកន្លែង នៅភូមិព្រៃក្រាយ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ និងក្រោយមកពួកគេបានរៀបចំធ្វើសកម្មភាពប្លន់ផ្ទះវេលុយវីង នៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ប៉ុន្តែមិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចដកហូតបានកាំភ្លើង ម៉ាក AK៤៧ ចំនួន៣ដើម មានបង់ចំនួន៣បង់ គ្រាប់ចំនួន៦១គ្រាប់ ខោអាវប៉ារ៉ាចំនួន ២ និងសម្ភារមួយចំនួនទៀត៕
មតិយោបល់