ព័ត៌មានជាតិ

តុលាការ ឃុំខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធ ២នាក់ ជាបណ្ដោះអាសន្ន

ភ្នំពេញ: យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា លោក ហេង កេសរោ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកា បង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទ ២នាក់ពាក់ព័ន្ធ ករណីប្លន់ប្រដាប់អាវុធ និងជួញដូរគ្រឿងញៀន ជាបណ្ដោះអាសន្ន រងចាំបន្តនីតិវិធីនាពេលក្រោយ។

ប្រភពបញ្ជាក់ថា លោកស្រី កែវ សុគន្ធា ជាតំណាងអយ្យការបានចោទប្រកាន់ជនជាប់ចោទទី១ឈ្មោះ ម៉ែន រ័ត្ន ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុម៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងទី២ឈ្មោះ ឥន ចាន់ដារ៉ូត ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវទេពផន សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ពីបទ

-លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា
-កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានករអនុញ្ញាត
-និងបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

យោងតាមមាត្រា ៣៥៣ មាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

គួររំលឹកថា ជនត្រូវចោទ ទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងផ្ទះជួលតែមួយ តាមផ្លូវបេតុង ភូមិសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក្រោយពីពួកគេបាន ធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូ មួយគ្រឿង នៅសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្ដាលឲ្យស្ដ្រីម្ចាស់ម៉ូតូរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី០៧ ខែវិច្ឆិកា និងបាញ់ប្លន់យកម៉ូតូមួយគ្រឿងទៀត ពីបុរសម្នាក់ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅពេលឃាត់ខ្លួនសមត្ថកិច្ច បានដកហូតកាំភ្លើង ចំនួន ២ដើម មានគ្រាប់ ៥គ្រាប់ ម៉ូតូ ម៉ាកហុងដា C125 ចំនួន ១គ្រឿង និងសម្ភារជាវត្ថុតាងជាច្រើនផ្សេងទៀត៕

មតិយោបល់