បន្ទាយមានជ័យៈ កាលពីវេលាម៉ោងប្រមាណ ៣ និង ០៦នាទីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុន តាន់ គឹមអេង ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួច(ប្រេងម៉ាស៊ូត) និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងថា៖ យោងតាមបណ្តឹង របស់ជនរងគ្រោះឈ្មោះ ហ៊ាន រក្សា ភេទ ប្រុស អាយុ ៣៣ឆ្នាំ តំណាងឲ្យក្រុមហ៊ុន តាំង គឹមអេង បច្ចុប្បន្នរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ នៅវេលាម៉ោង ០៩ និង ០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខ្លួនបានទទួលទូរស័ព្ទពីសន្តិសុខយាមនៅក្រុមហ៊ុន ខលមកប្រាប់ថា មានចោរចូលមកលួចបូមប្រេងពីអេស្កាវ៉ាទ័រ អស់ប្រហែល ១៥០លីត្រ ដោយនៅក្នុងក្រុមហ៊ុនតែងតែបាត់ប្រេងពីគ្រឿងចក្រជាញឹកញាប់ ហើយខ្លួនក៏បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ទៀតថា ៖ ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដើម្បីយកមកសាកសួរ ១-ឈ្មោះ ឡេង ប្រសើរ ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកគ្រឿងចក្រអេស្កាវ៉ាទ័រ បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ២-ឈ្មោះ អ៊ឹម លឹម ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តដឹកគ្រឿងចក្រ បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងដកហូតវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០១កូនថង់ -បំពង់សម្រាប់ជក់គ្រឿងញៀន ចំនួន ០១ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ៖ ពួកខ្លួនពិតជាបានលួចបូមប្រេង ពីគ្រឿងចក្រពិតប្រាកដមែន កន្លងមកពួកខ្លួនតែងតែលួចបូមប្រេងចេញពីគ្រឿងចក្រ ជាច្រើនលើករួចមកហើយ ក្នុងប្រេងចំនួន ៥០លីត្រ លក់បានតម្លៃ ១២០.០០០រៀល(ដប់ពីរម៉ឺនរៀល) ហើយយកលុយដែលលក់បានទៅទិញគ្រឿងញៀនយកមកប្រើប្រាស់ ។
ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង រួមទាំងយោងតាមការបំភ្លឺរបស់តំណាងក្រុមហ៊ុន និងសាក្សី ឃើញថាមានតម្រុយពិរុទ្ធភាព នៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ លួច(ប្រេងម៉ាស៊ូត) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕
មតិយោបល់