ព័ត៌មានជាតិ

បុរសម៉ិចស៊ីកូម្នាក់ វាយអ្នករត់ម៉ូតូឌុប បង់អស់៣០០$

ភ្នំពេញៈ គ្រូបង្រៀនជនជាតិម៉ិចស៊ីកូម្នាក់ ត្រូវបានគេឃាត់ខ្លួនភ្លាមៗ បន្ទាប់ពី រូបគាត់បានអំពើហឹង្សាទៅលើអ្នករត់ម៉ូតូឌុបកាលពីវេលាម៉ោង០២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច ផ្លូវលេខ១១០ កែងផ្លូវលេខ១៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នាប សុវណ្ណរ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្ដុំ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។ ចំណែកជនដៃដល់ឈ្មោះ ថូមឺស ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិម៉ិចស៊ិកូ មុខរបរជាគ្រូបង្រៀននៅសាលារៀនសុវណ្ណភូមិ សាខាបាក់ទូក ស្នាក់នៅផ្ទះជួលផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ប្រភពដដែរបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដឹកម៉ូយមកដាក់នៅក្បែរកន្លែងកើតហេតុ រួចហើយជនរងគ្រោះដាក់ម៉ូយចុះ ភ្លាមៗនោះគាត់ឃើញជនដៃដល់(ជនបរទេស)ដើរតែម្នាក់ឯងតាមបណ្តោយផ្លូវលេខ១១០ ក្នុងទិសដៅពីកើតទៅលិច ក៏លើកដៃហៅជនដៃដល់ឲ្យជិះម៉ូតូគាត់ ពេលនោះជនរងគ្រោះមិនទាន់បាននិយាយអ្វីទេ គ្រាន់តែដើរមកជិត ស្រាប់តែបុរសជាជនជាតិបរទេសនោះវាយ២ដៃចំសៀតផ្កា និងមាត់ បណ្ដាលឲ្យរងរបួស។

ក្រោយពីវាយជនរងគ្រោះ(អ្នករត់ម៉ូតូឌុប) ហើយនោះជនល្មើសបានរត់ទៅផ្ទះលក់កាហ្វេនៅក្បែរនោះ ដោយទាញកាំបិតប៉័ងតោ មកដេញកាប់ជនរងគ្រោះថែមទៀតផង ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាដេញចាប់ជនបរទេសរូបនេះប្រគល់ជូនសម្ថកិច្ចមូលដ្ឋានតែម្តង។

ក្រោយពីឃាត់ខ្លួនជនដៃដល់បានហើយ សមត្ថកិច្ចក៏ធ្វើការសម្របសម្រួលជាមួយជនរងគ្រោះដោយជនជាតិបរទេសនោះ ព្រមសុខចិត្តសងសំណងចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ហើយសមត្ថកិច្ចក៏អនុញ្ញាតិឲ្យជនបរទេសរូបនោះរួចខ្លួនផងដែរ៕

photo_2016-06-06_16-00-03

មតិយោបល់