ព័ត៌មានជាតិ

ជនសង្ស័យពីរនាក់ ជិះម៉ូតូមកឆក់កាបូបជនរគ្រោះ ត្រូវអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ច

ភ្នំពេញៈ​ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រី២នាក់ម្តាយកូន នៅពេលកំពុងធ្វើដំណើរតាមផ្លូវ២១៧ បានសម្រេច ដោយជិះគេចខ្លួនបានចម្ងាយ១គីឡូ ក៏ត្រូវសមត្ថកិច្ចដេញតាម និងឃាត់ខ្លួនបានមកវិញភ្លាមៗផងដែរ។

ហេតុការណ៍​នេះ បាន​កើតឡើងកាលពី​វេលា​ម៉ោង​៧ព្រឹក ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កា ខណ្ខដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១.ឈ្មោះ​ ស៊ឹម​ ឡេង​ ភេទស្រី អាយុជាង៥០ឆ្នាំ​ ត្រូវជាម្ដាយ និងកូនឈ្មោះ​ អាង​ ដានី​ ភេទស្រី អាយុប្រហែល២០ឆ្នាំ​ចំណែកជនសង្ស័យវិញ ទី១. ឈ្មោះ​ រ៉េត​ ពន្លក​ ភេទប្រុសអាយុ​២៤ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុង​ ដា​ គុប​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​ 1FR-9247 ​​មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ខដង្កោ ជាអ្នកបើកម៉ូតូ និងទី២. ឈ្មោះ​ វឿន​ ដាវិត​ ភេទប្រុសអា​យុ២១ឆ្នាំ​ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃុំជាមួយគ្នា មានទីកន្លែងកំណើតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ​។

ប្រភពដដែល បានឲ្យដឹងថា មុនពេលកើតហេតុ ពីរនាក់ម្តាយកូន បានឌុបគ្នាទៅធ្វើការនៅរោងចក្រ តាមផ្លូវជាតិលេខ២១៧ លុះមកដល់ចំណុចខាងមុខមណ្ឌលសុខភាពដង្កោ ជនសង្ស័យទាំងពីរនាក់ បានឃើញកាបូបយួរ ពណ៌ខ្មៅ ស្រាប់តែមកដល់ក្បែរម៉ូតូរបស់ជនរងគ្រោះ ទើបឆក់កាបូបនោះហើយជិះគេចខ្លួន តែត្រូវជនរងគ្រោះ បានស្រែកឆោឡោឡើង ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ដង្កោ ដែលកំពុងល្បាតក៏ដេញតាមឃាត់ខ្លួនបានភ្លាមៗ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចសាកសួរ​នៅប៉ុស្តិ៍នគរបាលដង្កោ ដើម្បីកសាងសំណុំរឿងបន្តទៅអធិកាដ្ឋាននគរបាលខណ្ខដង្កោ ចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់