កម្មវិធីក្លែងក្លាយ បោកបញ្ឆោត និងភ្ជាប់ដោយមេរោគ កំពុងបង្កការឈឺក្បាលវិលមុខមិនថាចំពោះអ្នកប្រើប្រាស់ឧបករណ៍ប្រភេទ Android ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ចំពោះក្រុមហ៊ុន Google ផងដែរ។
ជាក់ស្តែង កម្មវិធី WhatsApp ក្លែងក្លាយមួយ ត្រូវបានដាក់បង្ហោះក្នុងឃ្លាំងកម្មវិធី Play Store ដោយជ្រកក្រោមឈ្មោះ “Update WhatsApp Messenger” និងឈ្មោះអ្នកអភិវឌ្ឍ “WhatsApp Inc.” បានបោកបញ្ឆោតឱ្យអ្នកប្រើប្រាស់ចូលទៅទាញយករហូតដល់ជាងមួយលាននាក់។
ក្រុម Hacker នៅពីក្រោយកម្មវិធីក្លែងក្លាយនេះ បានប្រើ Unicode មួយចំនួន និងរូបថតផ្ទាំងកម្មវិធីពីបីសន្លឹក ដើម្បីក្លែងឱ្យវាមើលទៅបីដូចជាកម្មវិធីពិតរបស់ក្រុមហ៊ុន Facebook អីចឹង។ មួយវិញទៀត នៅពេលអ្នកប្រើប្រាស់ទាញយកវាទៅដំឡើងប្រើ ឯកសារកម្មវិធី WhatsApp ពិតប្រាកដនឹងត្រូវបានដំឡើងចូលទៅក្នុងទូរសព្ទ ប៉ុន្តែ មានភ្ជាប់ទៅដោយបាដាពាណិជ្ជកម្មលោតចុះឡើងនៅពេលកម្មវិធីបើកដំណើរការ។
អ្នកឯកទេសខាងសរសេរកូដម្នាក់ឈ្មោះ DexterGenius (ឈ្មោះក្នុងបណ្តាញសង្គម Reddit) បានលាតត្រដាងល្បិចកលរបស់ក្រុម Hacker នោះថា កម្មវិធី WhatsApp ក្លែងក្លាយនេះ បានព្យាយាមលាក់ខ្លួនរបស់វាដោយការមិនបញ្ចេញចំណងជើង និងប្រើរូបតាងកម្មវិធីទទេ។
ទោះយ៉ាងណា ក្រោយពីដំណឹងនេះលេចឡើងខ្ចរខ្ចាយ ឥឡូវវាត្រូវបានលុបចេញពី PlayStore ហើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Google ថ្មីៗនេះ បានព្យាយាមតាមកម្ចាត់កម្មវិធីខ្មោចឆៅ ឬ zomie apps កំពុងអុកឡុកក្នុងឃ្លាំងកម្មវិធីខ្លួន និងបានប្រើប្រាស់នូវប្រព័ន្ធលក្ខខណ្ឌ AI ដើម្បីតាមចាប់មេរោគ ឬកម្មវិធីខុសប្រក្រតីផ្សេងៗនៅក្នុង Play Store ផងដែរ។
តែទោះយ៉ាងនេះក្តី មេរោគប្រភេទ Malware និង Adware នៅតែបង្កជាក្តីកង្វល់សម្រាប់អ្នកប្រើប្រាស់ឧបករណ៍ដើរដោយប្រព័ន្ធប្រតិបត្តិការ Android នៅឡើយ៕
ប្រភពព័ត៌មានៈ digitaltrend
មតិយោបល់