កូរ៉េៈ នៅក្នុងសង្រ្គាមពាក្យសម្ដីងរវាងមហាអំណាច និងរបបដឹកនាំកូរ៉េខាងជើងចុងក្រោយនេះ បានធ្វើឲ្យក្រុងព្យុងយ៉ាងប្រតិកម្មឆ្លើយតបយ៉ាងខ្លាំង ដោយហៅការលើកទ្បើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាជារឿងភ្លីភ្លើ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងទៅកាន់សមាជិកទីភ្នាក់ងារអាមេរិក នៅឯមូលដ្ឋានអាកាសយ៉ាកូតតា ប្រទេសជប៉ុន លោក ត្រាំ បាននិយាយថា «គ្មាននរណាម្នាក់ ឬរបបផ្ដាច់ការ ក៏ដូចជាប្រជាជាតិណាមួយ អាចផ្លាស់ប្ដូរនូវការប្តេជ្ញាចិត្ត របស់អាមេរិកបានទ្បើយ ខណៈដែលពួកគេនឹងស្មានមិនដល់ ចំពោះដំណោះស្រាយរបស់យើង»។
ក្នុងនោះលោកក៏បានបន្ថែមទៀតថា «អាមេរិក កំពុងធ្វើការដើម្បីប្រឆាំងនឹងការឈ្លានពានដ៏គ្រោះថ្នាក់ របស់កូរ៉េខាងជើង ខណៈដែលរបបមួយនេះ នៅតែបន្តអភិវឌ្ឍកម្មវិធីអាវុធខុសច្បាប់របស់ខ្លួន រួមទាំងការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលផ្លោងជាបន្តបន្ទាប់ ដែលវាបានបង្កឲ្យមានការគំរាមកំហែង ដល់សន្តិសុខ និងស្ថេរភាពរបស់ពិភពលោក»។
ពាក់ព័ន្ធនឹងការលើកទ្បើងនេះ កាសែតរដ្ឋកូរ៉េខាងជើង ឈ្មោះថា Rodong Sinmun បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងជើង នឹងធ្វើការសងសឹកទៅវិញ ដោយគ្មានប្រណី ចំពោះការថ្លែងមិនចេះក្រែងរបស់ប្រធានាធិបតីអាមេរិកផងដែរ៕
មតិយោបល់