ព័ត៌មានជាតិ

ប្រើល្បិចខ្ចីទូរស័ព្ទគេតេមួយភ្លែត រត់យកទៅលក់ ត្រូវប៉ូលិសឃាត់ខ្លួន!

ភ្នំពេញៈ ជនសង្ស័យម្នាក់ប្រើល្បិចខ្ចីទូរស័ព្ទអាយហ្វូនហ្វាយ ដើរចេញបន្តិច រត់គេចខ្លួនយកទៅលក់តែដោយទូរស័ព្ទជាប់កម្មវិធីប្រើមិនកើត គេមិនទិញខណៈនោះសមត្ថកិច្ចនៅក្បែរមានការសង្ស័យឃាត់ខ្លួនសួនាំ។

ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ចំណុចកន្លែងលក់ទិញទូរស័ព្ទមួយកន្លែង ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ស៊ុត ជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបឹងសាឡាងសង្កាត់ឬស្សីកែវ។

ជនរងគ្រោះឈ្មោះ អេង គឿន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានខ្ចីទូរស័ព្ទរបស់ខ្លួនម៉ាកអាយហ្វូនហ្វាយ ពណ៌សនៅម្តុំមុខវិទ្យាល័យឬស្សីកែវ ក្នុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ ដោយប្រាប់ថាខ្ចីតេទៅមិត្តភក្តិខ្លួនក៏អនុញ្ញាតលុះដើរឆ្ងាយពីខ្លួនបន្តិចជនសង្ស័យក៏រត់គេចខ្លួនចេញពីកន្លែងកើតហេតុហើយក៏មានភ្ញាក់ផ្អើលក្រោយមកទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ។

ប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ បានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងសមត្ថកិច្ចបានស្វះស្វែងរកចាប់ខ្លួនជនសង្ស័យ ខណៈសមត្ថកិច្ចបានឈរនៅម្តុំកន្លែងលក់និងទិញទូរស័ព្ទនៅចំណុចឃាត់ខ្លួនខាងលើក៏បានឃើញជនសង្ស័យចុះពីម៉ូតូឌុបសំដៅចូលកន្លែងលក់ទិញទូរស័ព្ទហើយអ្នកទិញពិនិត្យមើលកម្មវិធីទូរស័ព្ទជាប់រូបមានសញ្ញាយន្តហោះដែលជនសង្ស័យដាក់ហើយមិនចេះដោះវិញប្រើមិនកើត ទើបគេមិនទិញដោយមានការសង្ស័យសមត្ថកិច្ចក៏ហៅសួរនាំទើបបែកការណ៍សមត្ថកិច្ចនាំមកប៉ុស្តិ៍សាកសួរតែម្តង។

ដោយជនរងគ្រោះកំពុងដាក់ពាក្យបណ្តឹងនិងស្គាល់ជនសង្ស័យដែលយកទូរស័ព្ទរបស់ខ្លួនហើយរត់គេចខ្លួនព្រមទាំងស្គាល់ច្បាស់ថាជាទូរស័ព្ទរបស់ខ្លួនសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងនិងបញ្ជូនបន្តទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវតែម្តង៕

មតិយោបល់