ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បន្ទាប់ពីមន្ត្រីនគរបាលម្នាក់ បានបើកបររថយន្តឡិចស៉ីស RX៣០០យ៉ាងលឿន ជ្រុលទៅបុកម៉ូតូសង់ពេញទំហឹង បណ្តាលឲ្យបុរស២នាក់ក្នុងនោះមានម្នាក់ជាមន្ត្រីយោធា រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១០៦ កែងនិងផ្លូវ៥១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូរងគ្រោះម៉ាក ហុងដាសេ១២៥ ស៊េរី០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S-3398 ធ្វើដំណើរតាមបណ្តោយផ្លូវ៥១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបើកឆ្លងកាត់ផ្លូវ១០៦ ខណៈនោះស្រាប់តែរថយន្តបង្កម៉ាកឡិចស៊ីស RX៣០០ ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1434 បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះវ័យប្រហែល៣០ឆ្នាំ គ្រាន់ដឹងថាជាមន្ត្រីនគរបាល បើកបរតាមបណ្តោយផ្លូវ១០៦ ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនយ៉ាងលឿនដូចហោះ ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ធ្ងរទាំង២នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យលោកសង្ឃ។
ចំណែករថយន្តបង្ករងការខូចខាតយ៉ាងដំណំហើយភ្លាមៗនេះរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនទាំងបែកកង់តែក៏ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានជួយជិះដេញតាមពីក្រោយរថយន្តបង្ករហូតដល់ចំណុច ខាងមុខខុនដូ ស្តាឃីញ តាមបណ្តោយផ្លូវ១០៧ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទើបអាចធ្វើការស្ទាក់ចាប់បាន ស្រាប់តែបុរសជាតៃកុងរថយន្តនោះ ដោះអាវដោយសារតែខ្លួនពាក់ឯកសណ្ឋានជានគរបាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងបានទាក់ទងហៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
https://youtu.be/xJO1vMZ9MqA
មតិយោបល់