ព័ត៌មានជាតិ

ព្រឹកនេះ កម្លាំងសមត្ថកិច្ច ចុះឆែកឆែរផ្ទះធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាត រកឃើញម៉ូតូជាច្រើនគ្រឿង នៅខេត្តកណ្ដាល

កណ្តាល: នគរបាលស្រុកស្អាងដឹកនាំផ្ទាល់ ដោយលោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង ដោយទទួលបានបញ្ជាពីឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ និងមានការសម្របសម្រួលដោយលោក សេង រិទ្ធី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល បានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានមួយកន្លែង រកឃើញម៉ូតូ២៥គ្រឿង បន្ទាប់ពីសង្សយ័ថា មានការទិញ និងលក់ម៉ូតូមិនប្រក្រតី។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានប្រាប់ Post News ថា ការចុះឆែរឆេរនេះ បានធ្វើទ្បើងនៅវេលាម៉ោង ១០ និង១០នាទីព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ឈ្មោះ ជ្រូ គីមស្រ៊ី ភេទ ប្រុស អាយុ ៣៣ឆ្នាំ ស្ថិតក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យម្នាក់ ដែលត្រូវបានឃាត់ខ្លួន ឈ្មោះ ជ្រូ គីមស្រ៊ី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិ ព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ដោយវត្ថុតាងដកហូតបាន រួមមានម៉ូតូចំនួន ២៥គ្រឿង។

លោកអធិការបានបន្ថែមថា មុននិងឈានទៅដល់ការឆែរឆេរ លោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅទីតាំងខាងលើមានទិញ លក់ ម៉ូតូមិនប្រក្រតី ពោលគឺម៉ូតូដែលជនល្មើសលួច និងកាចក់យកមកលក់នៅទីតាំងខាងលើ។ នៅពេលនោះ លោកក៏បានប្រើជំនាញឲ្យធ្វើការស៊ើបអង្កេត ទើបនៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១០និង១០នាទី ដោយទទួលបានបញ្ជាពីឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង និងមានការសម្របសម្រួលដោយលោក សេង រិទ្ធី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល បានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ជ្រូ គីមស្រ៊ី ដែលធ្វើអាជីវកម្មខុសច្បាប់ បានប្រទះឃើញម៉ូតូខាងលើ ដោយពុំមានលិខិតសំគាល់ម៉ូតូទាំងអស់។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ជ្រូ គីមស្រ៊ី បានឆ្លើយសារភាពថា ខ្លួនទទួលទិញម៉ូតូខាងលើនេះ តម្លៃ ២០០,០០០៛ (ម្ភៃម៉ឺនរៀល) ទៅ ១០០,០០០០៛ (មួយលានរៀល) ក្នុង០១គ្រឿង ទៅតាមប្រភេទម៉ូតូ ដោយគ្រាន់តែធ្វើលិខិតទិញលក់តែប៉ុណ្ណោះ បើហួសកំណត់កិច្ចសន្យាខ្លួន នឹងលក់ម៉ូតូនេះបន្ត ហើយបានអះអាងថា ការប្រកបរបរអាជីវកម្មរបស់ខ្លួន មិនមានច្បាប់អនុញ្ញាត្តនោះទេ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានអធិការដ្ឋាននគរបាលស្រុកស្អាង កំពុងកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់