ភ្នំពេញៈ កាលពីវេលាម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានករណីបាញ់ប្លន់ទាំងព្រឹក យកម៉ូតូសេរីសេ១២៥មួយគ្រឿង ទៅបាត់ដោយសុវត្តិភាព ខណៈដែលជនរងគ្រោះកំពុង អូសម៉ូតូចេញយកមកដាក់មុខផ្ទះរងចាំជូនម្តាយទៅផ្សារ ដើម្បីទិញឥវ៉ាន់ ដែលហេតុការណ៍នេះ បានកើតទ្បើងនៅត្រង់ចំណុចផ្លូវបេតុង ខាងក្រោយហាងខារ៉ាអូខេ សែនអាល័យ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា សកម្មភាពចោរកម្ម ប្លន់ លួច ហាក់បីដូចជាកក្រើកឡើងវិញ ក្នុងដើមខែនេះនៅរាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាព បង្កឲ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ ក្នុងការធ្វើដំណើរតាមដងផ្លូវស្ងាត់ តូច ធំ ទាំងភ្នែកនៅកញ្ចឹងក ជាក់ស្ដែងនៅវេលាម៉ោង៧ និង១០នាទីខាងលើ គេឃើញក្មេងប្រុស ដែលជាជនរងគ្រោះអូសម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-3968 មកដាក់មុខផ្ទះ ស្រាប់តែជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកដល់វាយក្មេងរងគ្រោះមួយដៃ រួចដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ ទើបជិះគេចចេញទៅបាត់ដោយសុវត្តិភាព ។
ជនរងគ្រោះខាងលើមាន ឈ្មោះ រឿន ចាន់ណា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្សសាលា មានទីលំនៅកន្លែងកើតហេតុ ។
តាមក្រុមគ្រួសារក្មេងរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះត្រូវបានម្តាយឲ្យអូសម៉ូតូចេញ ដាក់ក្រៅមុខផ្ទះ ក្នុងគោលបំណង ដើម្បីឲ្យគាត់រង់ចាំឌុបម្ដាយទៅផ្សារ ស្រាប់តែលេចមុខជនសង្ស័យគ្នា២នាក់ ជិះម៉ូតូឌុបគ្នាមកដល់ ចុះវាយក្មេងរងគ្រោះមួយដៃ រួចដកកាំភ្លើង បាញ់ឡើងលើគម្រាមមួយគ្រាប់ ទើបជិះគេចចេញទៅបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ច កម្លាំងអាវុធហត្ថ រួមទាំងនគរបាល បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះទៅ សាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តការស្រាវជ្រាវ និងកំណត់មុខសញ្ញាប្លន់ប្រដាប់អាវុធខាងលើ មកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់