ភ្នំពេញៈ ក្នុងចំណោមតារាសិល្បៈភាគច្រើន គេចាប់អារម្មណ៍ថា លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ឋិតរដ្ឋា គឺជាគូស្នេហ៍សិល្បៈ ដែលមានជីវិតផ្អែមល្ហែមគួរឲ្យសរសើរជាងគេ។ អ្នកទាំងពីរ ក៏មិនធ្លាប់ពើបប្រទះនូវរឿងអាស្រូវដូចគ្នានឹងគូស្នេហ៍សិល្បៈទាំងពួង ដែលនៅរឹងមាំនោះផង ដោយសារទាំងអ្នកនាង យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត មិនធ្លាប់មានព័ត៌មានណាមួយស្ដែងថា ពួកគេមានចិត្តក្បត់គ្នាកំបាំងភ្នែក។
ដូចគ្នានេះដែរ អ្នកទាំងពីរ គឺជាតារាដែលមានមុខជំនួញជោគជ័យ បើទោះអ្នកនាង យក់ ឋិតរដ្ឋា ដែលប្រឹងស្រវាស្រទិញសិល្បៈ តែមិនអាចទៅរួចក្នុងប៉ុន្មានឆ្នាំចុងក្រោយ។ ប៉ុន្តែលោក ឃុំ ប៉ុណ្ណាដែត និងភរិយា ដែលជាតារាមិនសូវសកម្មរឿងហ្វេសប៊ុកដូចគ្នានឹងតារាល្បីឈ្មោះភាគច្រើននោះផង ទើបការបង្ហោះសារ ឬរូបភាពម្ដងៗរបស់លោក ឃុំ ប៉ុណ្ណាដែត ដែលជាអ្នកកាន់គណនេយ្យហ្វេសប៊ុកជំនួសឲ្យអ្នកនាង យក់ ឋិតរដ្ឋាផង ត្រូវគេផ្ដោតការចាប់អារម្មណ៍ច្រើន។ ជាពិសេសក្នុងពេលដែលលោកទម្លាយជាសាធារណៈថា ជីវិតស្នេហារបស់លោក នឹងភរិយា ត្រូវបានរុកកួនដោយក្រុមអ្នកឈ្នានីសនាពេលមុននេះ។
លោក ឃុំ ប៉ុណ្ណាដែត បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា «ធ្វើចិត្តឲ្យស្ងប់ ហើយល្មមឈប់មកចងកម្មពារជាមួយគ្រួសារខ្ញុំទៀតទៅ សន្តានពួកអ្នកខ្ញុំស្គាល់អស់ហើយ ហើយក៏កុំព្យាយាមលាង និងកាត់ស្រមោលខ្លួនឯងអី ការអត់ធ្មត់របស់ខ្ញុំ គឺមានកំណត់ ត្រូវចាំថា ជីវិតខ្ញុំ និងគ្រួសារខ្ញុំ គឺខ្ញុំជាអ្នកកំណត់ មិនមែនជាអ្នក»។ នេះជាលើកទី១ ដែលលោកបង្ហាញឲ្យឃើញថា លោកដល់-ក និងទ្រាំលែងបាន បន្ទាប់ពីមានអ្នកឈ្នានីសមកលើខ្លួន និងភរិយា ធ្វើឲ្យលោកឆេះដុំ ដែលបង្ខំឲ្យលោកចេញមុខវាយបកសងវិញ ដើម្បីជាសារឲ្យអ្នកឈ្នានីសបានដឹង។ តាមរយៈសារដ៏ខ្លីរបស់លោកក៏ស្ដែងឲ្យឃើញពីទំហំមិនអាចបន្តទ្រាំ ប្រសិនបើក្រុមអ្នកឈ្នានីសចំពោះលោក និងភរិយា នៅតែមិនព្រមបញ្ឈប់នោះផងដែរ។
យ៉ាងណាមិញ គេមិនបានដឹងថា អ្វីជាបញ្ហាដែលនាំឲ្យលោក ឃុំ ប៉ុណ្ណាដែត ដល់-ករហូតបង្ហោះឲ្យគេដឹងឮថា ខ្លួនមានអ្នកឈ្នានីស និងមានអ្នកតាមរំខានជិវិតគ្រួសារមួយនេះទេ ដោយគ្រាន់តែមានការប៉ាន់ស្មានថា ការប៉ះទង្គិចដែលបានកើតឡើង គឺមានកម្រិតធ្ងន់ ទើបបណ្ដាលឲ្យលោកដល់-ក និងឆេះដុំមិនក្រោម១០០អង្សារនាពេលនេះ៕
មតិយោបល់