ព័ត៌មានជាតិ

បញ្ជូនខ្លួនចោរឆក់វ័យក្មេងដែលសកម្មក្នុងក្រុងភ្នំពេញ ទៅតុលាការ ខណៈបក្ខពួករត់គេច

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សមត្ថកិច្ចខណ្ឌទួលគោក បានបញ្ជូនខ្លួនជនសង្ស័យវ័យក្មេង ជាចោរឆក់កាបូបម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ញាណ ចាន់មុន្នីរ័ត្ន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១០៧ សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្ថែមថា ជនសង្ស័យជាបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួន។

សមត្ថកិច្ចបានបន្ដថា កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ កម្លាំងនគរបាលខណ្ឌ៧មករាបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មនៅរាជធានីភ្នំពេញ ខណៈដែលរូបគេកំពុងជិះម៉ូតូតាមបណ្តោយផ្លូវ១០៧ សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីវេលាម៉ោង១ និង៣៩នាទីរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យមានគ្នាមួយក្រុមបាន ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់នៅផ្លូវ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានសម្រេចបន្ទាប់មកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងកំណត់ភិនភាគបានក៏បានប្រទះឃើញម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព ទើបឈានដល់ការឃាត់ខ្លួនបានតែម្តង។

សមត្ថកិច្ចថា ដោយសារតែ ករណីនេះកើតឡើងនៅក្នុងទឹកដីខណ្ឌ ទួលគោក ទើបសមត្ថកិច្ចខណ្ឌ៧មករា ប្រគល់ជនសង្ស័យទៅឱ្យសមត្ថកិច្ចខណ្ឌទួលគោក ជាអ្នកកសាងសំណុំរឿង និងបញ្ជូនទៅកាន់តុលាការ៕

មតិយោបល់