ព័ត៌មានសុខភាព

អត្ថប្រយោជន៍សំខាន់ៗ៦ចំណុច នៃផ្លែអម្ពិល

អម្ពិល គឺជាផ្លែឈើមួយប្រភេទដែលគេពេញនិយមប្រើសម្រាប់ធ្វើជាម្ជូរ ឬចុចអំបិលទទួលទានកំដរមាត់លេង។ ក៏ប៉ុន្តែអ្នកត្រូវដឹងថា អម្ពិលមានផ្ទុកវីតាមីនចម្រុះជាច្រើនដូចជា វីតាមីន B និង C, សារធាតុប្រឆាំងអុកស៊ីតកម្ម, បេតាការ៉ូទីន, ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលមានអត្ថប្រយោជន៍បំផុតសម្រាប់សុខភាព ក៏ដូចជាព្យាបាលជំងឺមួយចំនួនផងដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សំខាន់ៗ ៦ចំណុច ដែលបានមកពីផ្លែអម្ពិល៖

សម្រកទម្ងន់
អម្ពិល មានផ្ទុកអាស៊ីត hydroxy citric acid ដែលហៅកាត់ថា HCA អាចកាត់បន្ថយការផលិតជាតិខ្លាញ់ស្រដៀងទៅនឹងអាស៊ីតនៅក្នុងផ្លែក្រូចឆ្មារដែរ។ មិនតែប៉ុណ្ណោះ វាអាចរារាំងដល់អង់ហ្ស៊ីមក្នុងរាងកាយ ដែលអាចជួយជំរុញដល់រំលាយជាតិខ្លាញ់ និងជួយសម្រកទម្ងន់ផងដែរ។

ការពារបេះដូង
ការសិក្សាបានបង្ហាញថា អម្ពិល មានផ្ទុកសារធាតុ Flavonoids អាចជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ LDL និងបង្កើនកូឡេស្តេរ៉ុលល្អ HDL ឡើងវិញ។ មិនតែប៉ុណ្ណោះ អម្ពិល ក៏មានផ្ទុកសារធាតុប៉ូតាស្យូម មានសារៈសំខាន់បំផុតក្នុងការទប់ស្កាត់សម្ពាធឈាម ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់បេះដូង ព្រមទាំងសរសៃឈាមផ្សេងៗ។

ប្រឆាំងនឹងជំងឺមហារីក
គ្រាប់អម្ពិល សម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយបញ្ហាខ្សោយតម្រងនោម និងជំងឺមហារីកតម្រងនោមផងដែរ។

ទប់ស្កាត់បញ្ហាក្អក និងផ្តាសាយ
អម្ពិល មានផ្ទុកវីតាមីន C អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ និងទប់ទល់ជំងឺក្អក ឬផ្តាសាយយ៉ាងមានប្រសិទ្ធភាព។ ប្រសិនបើអ្នកទទួលទានទឹកអម្ពិល មួយថ្ងៃមួយពែងតែបញ្ហាក្អក ឬផ្កាសាយ នឹងឆាប់ជាដូចបំណង។

ការពារថ្លើម
ការទទួលទានអាហារដែលសម្បូរខ្លាញ់ច្រើន ឬការផឹកស្រាច្រើនហួសប្រមាណ អាចបណ្តោលឲ្យខូចខាតថ្លើមធ្ងន់ធ្ងរ។ ក៏ប៉ុន្តែបញ្ហាខូចថ្លើមដោយសារតែកត្តាបែបនេះ អាចជួយសង្គ្រោះឡើងវិញបាន ប្រសិនបើអ្នកទទួលទានទឹកអម្ពិល ជាប្រចាំ។

ការពារជំងឺទឹកនោមផ្អែម
គ្រាប់អម្ពិល មានលក្ខណៈសម្បត្តិអស្ចារ្យក្នុងការប្រយុទ្ធប្រឆាំងនឹងការរលាក ព្រមទាំងរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យមានស្ថិរភាព។ មិនតែប៉ុណ្ណោះអង់ស៊ីម alpha-amylase ដែលមានវត្តមាននៅក្នុងអម្ពិល ក៏អាចជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមផងដែរ៕

ប្រភព៖ boldsky

មតិយោបល់