ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុមហ៊ុនផែស្ងួត តេង ឡាយ និងម៉ូតូ បុគ្គលិកកាស៊ីណូម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម!

ស្វាយរៀង: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ បានកើតឡើងរវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែង។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៥១-១៥២ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់រថយន្តឈ្មោះ គង់ សាភ័ណ្ឌ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត​ក្រុមហ៊ុន ផែស្ងួត តេង ឡាយ ស្នាក់នៅភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបររថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-4127 និងម្ចាស់ម៉ូតូឈ្មោះ សួន សុខស៊ីទី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិព្រៃតាញ៉យ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CE-2455។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង និងរថយន្តបើកបរមិនប្រកាន់ស្តាំ បានធ្វើដំណើរបញ្រ្ចាសទិសគ្នា ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ម៉ូតូបានជ្រុលចង្កូត ទៅបុករថយន្តកុងតឺន័រពេញមួយទំហឹង បណ្តាលឲ្យខូចខាតម៉ូតូយ៉ាងដំណំ និងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯភាគីខាងរថយន្តបានគេចខ្លូនដល់ស្រុកស្វាយទៀប ទើបសមត្ថកិច្ចឃាត់ខ្លួនបាន។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកជនបង្កបញ្ជូនទៅការរិយាល័យជំនាញខេត្ត រីឯវត្ថុតាងទាំងពីរយកមករក្សាទុកប៉ុសិ៍នគរបាលសង្កាត់ព្រៃអង្គុញ។ ចំណែកឯសាកសពប្រគល់ជូនមកក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់