ភ្នំពេញៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ អធិការដ្ឋាននគរបាលខណ្ឌ៧មករា ទួលគោក និងពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្មចំនួន២នាក់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិ-សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ហើយនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ហាញមុខក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញទាំង២នាក់នោះ ដែលទី១-ឈ្មោះ ម៉ែន រ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំដៅ ផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុម៦ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជភ្នំពេញ និងទី២-ឈ្មោះ ឥត ចាន់ដារ៉ូត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ផ្ទះជួលគ្មានលេខ ផ្លូវទេពផន សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាង ដែលដកហូតបានរួមមាន ទី១-អាវុធខ្លី១ដើម ម៉ាកកា៥៩ បង់១គ្រាប់ចំនួន៥ ទី២-អាវុធខ្លី១ដើម ម៉ាកប៉េអាកុល ទី៣-ស្លាកលេខម៉ូតូចំនួន១ គ្រឿង(ភ្នំពេញ 1GP-0078) ជារបស់ជនរងគ្រោះ ដែលប្លន់បាន ទី៤-ម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-0185 ជាមធ្យោបាយជិះធ្វើសកម្មភាពប្លន់។
កម្លាំងសមត្ថកិច្ចបានធ្វើការបង្ហាញមុខក្រុមចោរប្លន់ ដែលជាមុខសញ្ញាយ៉ាងសកម្មក្នុងការប្លន់ប្រដាប់អាវុធនៅក្នុងរាជធានីភ្នំពេញ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្លន់បាញ់យកម៉ូតូចំនួន២ករណីមែន។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់