ព័ត៌មានជាតិ

តុលាការលើកពេលសវនាការកូនប្រុសនាយ ហុង ដា និងសង្សារ ពាក់ព័ន្ធរឿងឃាតកម្មលើម្តាយចុង

ភ្នំពេញៈ មិនដូចជាការគ្រោងទុកឡើយ ដោយនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ តុលាការ មិនទាន់អាចបើកសវនាការកាត់ទោស កូនប្រុស នាយ ហុង ដា និងសង្សារ បាននៅឡើយទេ ដោយសារតែអវត្តមានរបស់មេធាវីការពារ សិទ្ធិរបស់ជនជាប់ចោទ។

លោក ឌុច សុខសារិន ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការ នេះដោយសារតែមានលិខិតស្នើសុំរបស់មេធាវី ការពារសិទ្ធិជនជាប់ចោទ ដោយបញ្ជាក់ថា ជាប់រវល់បេសកកម្មនៅតាមខេត្ត។

ទោះជាយ៉ាងណា តុលាការមិនបានកំណត់កាលបរិច្ឆេទបើកសវនាការនៅពេលក្រោយនោះទេ។

សូមបញ្ជាក់ថា លោក ខៀវ ផល្លា ជាតំណាងអយ្យការ បានចោទប្រកាន់លើឈ្មោះ ខន សុខេន ហៅអឿន ប្រុស អាយុ ១៨ឆ្នាំ និងឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ ពីបទ ឃាតកម្ម ដោយយកខ្សែឆ្នាំងអ៊ុតរឹតក សម្លាប់ លើជនរងគ្រោះឈ្មោះ ស៊ឹម ចន្ធី ហៅស្រីអូន ជាម្តាយចុង ប្រព្រឹត្តកាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅបន្ទប់ខុនដូ យោងតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបជូនថា លោក លាង សំណាត់ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្នលើជនជាប់ចោទឈ្មោះ ខន សុខេន ហៅអឿន ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនប្រុសបង្កើតរបស់លោកហុងដា និងឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកនៅហាង រស្មីបឹងកក់ កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ។

នៅក្នុងនីតិវិធីស៊ើបសួរលោក ស៊ិន វិរ: តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីពិនិត្យលើឯកសារ និងសាកសួរជនជាប់ចោទ រួចរាល់ហើយ លោកបានសម្រេចចោទប្រកាន់ជនជាប់ចោទទី១ឈ្មោះ ខន សុខេន ហៅអឿន ភេទប្រុស អាយុ ១៨ឆ្នាំ ជាកូនប្រុសបង្កើតរបស់លោកហុងដា ពីបទ ឃាតកម្មគិតទុកជាមុន យោងតាមមាត្រ ២០០នៃក្រមព្រហ្មទណ្ឌ និងទី២ឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកនៅហាង រស្មីបឹងកក់ ពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន យោងតាមមាត្រា ២៩ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា ជនជាប់ចោទទាំង២នាក់ត្រូវបាន កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ និងខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចជនត្រូវចោទឈ្មោះ ខន សុខេន បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព សម្លាប់ម្តាយចុងឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ ពិតបា្រកដមែន គឺធ្វើសកម្មភាព តែម្នាក់ឯង កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅបន្ទប់ខុនដូ របស់ឪពុកបង្កើតគេ (នាយហុងដា) តែក្រោយពេលសម្លាប់រួច សង្សាររបស់ខ្លួនមកពី ធ្វើការវិញទាន់ ខ្លួនក៏បានអង្វរសង្សារ កុំឲ្យឆោឡោ និងជួយយកភួយ មករុំសាកសព អូសទៅទុក នៅបន្ទប់ទឹក ព្រមទាំង ដោះយកកងដៃ២១កង ជញ្ជៀន១វង់ ទូរសព្ទណូគា ១គ្រឿង និងម៉ូតូមួយគ្រឿង ចាកចេញតែងម្តង ដែលរឿងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ពេញផ្ទៃប្រទេស ពិសេសបណ្តាញសង្គម ហ្វេសប៊ុក ។

ជនជាប់ចោទបានរៀបរាប់ថា រូបគេបានមករស់នៅ ខុនដូជាមួយឪពុក និងម្តាយចុង ប្រហែល៤ ទៅ៥ខែមកហើយ ព្រោះម្តាយបង្កើតឈ្មោះ រ៉េន សុធារី ហៅឃ្មឹប ដែលត្រូវជា ប្រពន្ធមុនរបស់នាយហុងដា មានប្តីថ្មីហើយ។ ក្នុងពេលមករស់នៅ ជាមួយឪពុក ជនសង្ស័យ បាននាំសង្សាឈ្មោះ នេត រស្មីកន្និកា មកនៅជាមួយ ហើយរូបគេ មានគម្រោង សម្លាប់ម្តាយចុងនេះ តាំងពី២ថ្ងៃមុនមកម្ល៉េះ ដើម្បីប្លន់យកគ្រឿងអលង្ការ ព្រោះម្តាយចុង បានប្រាប់ថា គ្រឿងអលង្កាគាត់ មានតម្លៃជិត ១ពាន់ដុល្លារអាមេរិក ហើយម្យ៉ាងទៀត ខ្លួនមិនសូវចូលចិត្ត ម្តាយចុងទេ ដោយសារនៅពេល ដែលឪពុកខ្លួន មិននៅផ្ទះ ម្តាយចុងតែងតែជេរ និងស្តីបន្ទោស ឲ្យខ្លួនជាញឹកញាប់ ធ្វើឲ្យខ្លួនមានគំនុំ មករហូត។

ក្រោយពេលសម្លាប់ ម្តាយចុងរួចហើយ ជនជាប់ចោទ បានទៅសម្រាកនៅផ្ទះម្តាយសង្សារ១យប់ នៅខណ្ឌឬស្សីកែវ លុះព្រឹកឡើង ទើបនាំសង្សាមកដេក ស្នាក់នៅជក់ថ្នាំញៀន នៅចំណុចផ្ទះគ្មានលេខ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (ខាងក្រោយវិហារចាម) រីឯគ្រឿងអលង្ការ ដែលរូបគេប្លន់បាន យកទៅបញ្ចាំបាន ៤ម៉ឺនរៀល ព្រោះអ្នកបញ្ចាំ ប្រាប់ថាកាឡៃ ហើយម៉ូតូ បញ្ចាំបាន១០០ដុល្លារ រួចយកលុយ ទាំងនោះទិញថ្នាំញៀនជក់។

ជនជាប់ចោទបានបញ្ជាក់ថា រូបគេធ្លាប់បាន ប្រើប្រាស់គ្រឿងញៀន តាំងពីឆ្នាំ២០១៤មក តាំងពីខ្លួននៅផ្ទះ ជួលម្តុំភោជនីយដ្ឋាន ហង្សនាគ ព្រែកលៀប ដោយដំបូងឡើយ ប្រើប្រាស់តាមរយៈ ក្រុមក្មេងស្ទាវ ម្តុំវត្តកៀនឃ្លាំង ដោយពួកនោះ ប្រាប់ថាថ្នាំញៀន ពេលជក់ហើយ ធ្វើឲ្យមានកម្លាំង មិនសូវឃ្លានបាយ និងក្លាហាន ហើយធ្វើឲ្យសប្បាយ។

នៅថ្ងៃដែលរូបគេ សម្លាប់ម្តាយចុង រូបគេកំពុងតែ ស្រវឹងគ្រឿងញៀននៅឡើយ ព្រោះគេទើបតែ មកពីជក់ថ្នាំញៀន ជាមួយឈ្មោះ ង៉ែត ២ថ្ងៃជាប់គ្នា៕

មតិយោបល់