(ភ្នំពេញ)៖ លោក ខេមរៈ សិរីមន្ត តារាចំរៀងដ៏មានប្រជាប្រិយ៍ភាពនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី០៩ មេសា ឆ្នាំ២០១៦នេះ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សុំឲ្យនាំគ្នាគោរពច្បាប់ចរាចរណ៍ បើកបរដោយមានការប្រុងប្រយ័ត្នបំផុត យោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
នៅក្នុងពិធីផ្តល់អំណោយ មួកសុវត្ថិភាពចំនួន១២០មួក ដើម្បីផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ និងជាការដូអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមកដល់នៅថ្ងៃទី១៣ មេសាខាងមុខនេះ ជូនដល់លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស នៅសាលាវិទ្យាល័យភ្នំពេញថ្មី លោក ខេមរៈ សិរីមន្ត បានលើកឡើងថា “ពីដើមឡើយខ្ញុំមិនសូវបានគិតនិងយកចិត្តទុកដាក់រឿងគ្រោះថ្នាក់ចរាចរណ៍នោះទេ ប៉ុន្តែក្រោយពីរូបខ្ញុំផ្ទាល់បានជួបនូវឧប្បទ្ទវហេតុកាលពីប៉ុន្មានកន្លងមកនេះ ទើបខ្ញុំដឹងថាវាពិតជាភាពសោកសង្វេកខ្លាំងបំផុត នៅក្នុងជីវិតរបស់ខ្ញុំ។ នៅរាល់ពេលដែលខ្ញុំបានឃើញគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវម្តងៗ ខ្ញុំពិតជារន្ធត់ តក់ស្លុតក្នុងចិត្តនិងសោកសង្វេកជាពន់ពេក”។
លោក ខេមរៈ សិរីមន្ត បានបន្តទៀតថា ទន្ទឹមគ្នានេះ ខ្ញុំបានយកការសង្វេកទាំងនោះ ទៅចូលរួមជាមួយរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ក៏ដូចជាមិត្តសិល្បៈករ ក្នុងការកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរនៅក្នុងប្រទេសកម្ពុជា ឲ្យមានកម្រិតទាបបំផុតតាមតែអាចធ្វើទៅបាន ព្រោះថា បច្ចុប្បន្នគ្រោះថា្នក់ចរាចរណ៍បាននឹងកំពុងឆក់យកជីវិតមនុស្សតាមដងផ្លូវយ៉ាងសាហាវបំផុត បើធៀបទៅនិងជំងឺដង្កាត់ផ្សេងៗនៅកម្ពុជា ។
តារាចំរៀងរូបនេះ បានប្តេជ្ញាចិត្តថា ដ៏រាបណានៅមានលទ្ធភាព លោកនឹងបន្តប្រឹងប្រែងចូលលរួមឲ្យអស់លទ្ធភាពក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចររាចរឲ្យនេះឲ្យបាន តាមអ្វីដែលខ្លួនអាចធ្វើបាន ។ ជាមួយគ្នានេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ពិតជាមានប្រជាពលរដ្ឋគ្រប់ទិសទីធ្វើ ដំណើរទៅកាន់ទីជិតទីឆ្ងាយ លោកសុំឲ្យអ្នកបើកបរទាំងអស់ មានការប្រុងប្រយ័ត្នបំផុត ចេះអត់អោន អធ្យាស្រ័យឲ្យគ្នាគ្រប់ពេលវេលា ពិសេសត្រូវតែចេះដឹងអំពីច្បាប់ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អ្នកបើកម៉ូតូត្រូវពាក់មួកសុវត្ថិភាព អ្នកបើករថយន្តត្រូវដាក់ខ្សែក្រវ៉ាត់ បើកបរក្នុងល្បឿនកំណត់ កុំបើកបរក្នុងស្ថានភាពស្រវឹង ពោលគឺត្រូវឲ្យតម្លៃលើជីវិតមនុស្ស សត្វ ដែលធ្វើដំណើរលើដងផ្លូវ នៅទូទាំងប្រទេស។
តំណាង អាជ្ញាធរមូលដ្ឋាន លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បានលើកឡើងថា “ជាទូទៅ នៅក្នុងឱកាសបុណ្យទានសំខាន់ៗ គេសង្កេតឃើញកំណើននៃគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ខណៈដែលអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកំពុងស្ថិតក្នុងការព្រួយបារម្ភយ៉ាងខ្លាំងរបស់ ប្រមុខរាជរដ្ឋាភិបាល។ គ្រោះថ្នាក់ទាំងនោះភាគច្រើនបង្ករដោយកត្តាមនុស្ស ពោលគឺមិនគោរពច្បាប់ចរាចរណ៍ ៕
មតិយោបល់