ព័ត៌មានជាតិ

អន់ចង់នៅ! ឆក់ទូរសព្ទបុគ្គលិកស៊ិនទ្រីបានសម្រេច រត់មិនរួចត្រូវប្រជាពលរដ្ឋចាប់បានវាយបែកក្បាលម្នាក់

ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីក្រុមជនសង្ស័យរូបនោះបានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសម្នាក់បានសម្រេចនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ត្រង់ចំណុចក្បែរសាលាណតប្រ៊ីជ តាមបណ្តោយផ្លូវ២០០៤ ស្ថិតសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហេង រិទ្ធា ភេទប្រុស អាយុ៣៦ ជាអ្នកបើកបររថយន្តស៊ិនទ្រី ស្នាក់នៅភូមិសំរោងកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ ចំណែកឯជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ត្រាំ​ សុភក្រ្ត័​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ស្នាក់នៅ​ផ្ទះជួល ម្ដុំ​វត្ត​សន្សំ​កុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ​ មានស្រុកកំណើតនៅខេត្តតាកែវ និងទី២មានឈ្មោះ លោ​ បូរ៉ា​ ភេទប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ ស្នាក់នៅ​ភូមិក្រាំងពង្រ ស្រុក​បាទី​ ខេត្ត​តាកែវ​។

មុនពេលកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-7635 ដោយទើបតែចេញមកពីកន្លែងធ្វើការនៅម្តុំចំការដូងហើយបំណងជិះត្រឡប់ទៅផ្ទះវិញ ដែលធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុក៏បានឈប់ម៉ូតូហើយក៏បានដកទូរសព្ទមកនិយាយ។ ខណៈនោះស្រាប់តែលេចមុខក្រុមជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1I-0828 ជិះមកពីក្រោយ រួចក៏បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីជនរងគ្រោះបានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន។

ភ្លាមនោះជនរងគ្រោះស្រែកចោរៗ និងជិះដេញតាមពីក្រោយរហូតទៅដល់ចំណុចខាងត្បូងសាលាយ៉ាម៉ាមីកូ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទើបផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះជួយធ្វើការស្ទាក់ចាប់បានជនសង្ស័យទាំង២នាក់ខាងលើនិងស្វាគមន៍ម្នាក់មួយដៃមួយជើងបណ្តាលឲ្យជនសង្ស័យម្នាក់រងរបួសបែកក្បាលឈាមហូរស្រោចខ្លួន រួមទាំងដកហូតម៉ូតូមួយគ្រឿង។ ចំណែកឯជនសង្ស័យម្នាក់ទៀតបានយកទូរសព្ទដៃដែលឆក់រត់គេចខ្លួនបាត់ស្រមោល ហើយទូរសព្ទរបស់ជនរងគ្រោះដែលត្រូវជនសង្ស័យឆក់យកទៅម៉ាក ស៉ាំស៊ុង A9 ។

ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ខាងលើរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ។

មតិយោបល់