ភ្នំពេញៈ ជនសង្ស័យម្នាក់បានរងរបួសប៉ោងមុខយ៉ាងដំណំ ខណៈដែលចូលទៅលួចអាយផេតគេដល់ក្នុងបន្ទប់ ប៉ុន្តែសំណាង អាក្រក់ត្រូវបានម្ចាស់គេទាន់ ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅជិតខាងនាំគ្នាជួយតាមចាប់ខ្លួនបាន និងបានធ្វើការវាយដំ រួចទើបប្រគល់ជូននគរបាលឲ្យនាំទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់។
ហេតុការណ៏ខាងលើ នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទី រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោម ចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ យី ផល្លា ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិបឹងអន្ទង់ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង និងស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះដែលជាម្ចាស់អាយផេតមិនបាន គេស្គាល់ឈ្មោះនៅឡើយទេ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទុកអាយផេតនៅក្នុងបន្ទប់ ពេលនោះជនសង្ស័យបាន ចូលទៅធ្វើសកម្មភាពលួច ប៉ុន្តែត្រូវបានជនរងគ្រោះប្រទះឃើញទាន់ ក៏បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើល ទើបប្រជាពលរដ្ឋនៅជិតខាងនាំគ្នាជួយចាប់បាន រួចវាយទាត់ធាក់បណ្ដាលឲ្យរងរបួសប៉ោងមុខនិងជាំភ្នែកយ៉ាងដំណំ ។ បន្ទាប់មកទើបប្រគល់ជូន នគរបាលប៉ុស្ដិ៍ចោមចៅ១ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕
មតិយោបល់