ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ប៊ុន ធី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនាំសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ កាត់ទោស ក្រុមឧក្រិដ្ឋជនគ្រឿងញៀន មួយក្រុម មានគ្នា ៣នាក់ ដែលពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន ១គីឡូក្រាម។
លោក ងិន ពេជ្រ ជាតំណាងអយ្យការបានចោទប្រកាន់លើជនជាប់ចោទ៖
-ទី១ឈ្មោះ ទឹម ស៊ីដេត ភេទប្រុស អាយុ ៣៨ឆ្នាំ
-ទី២ឈ្មោះ កែវ រដ្ឋា ភេទប្រុស អាយុ ២០ឆ្នាំ
-និងទី៣ឈ្មោះ សុខ លាភ ភេទប្រុសអាយុ ៣៩ឆ្នាំ
ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន ចំនួន ១គីឡូក្រាម ប្រព្រឹត្ត កាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចក្បែររង្វង់មូលកាំកូស៊ីធី ផ្លូវអង្គរ ក្រុមទី៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ យោងតាម មាត្រា ៤០នៃ ច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
នៅក្នុងសវនាការ ជនជាប់ចោទ ឈ្មោះ ទឹម ស៊ីដេត និងឈ្មោះ កែវ រដ្ឋា បានបដិសេធ ថាពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ ដោយគ្រាន់តែឱ្យលុយទៅ ជនជាប់ចោទឈ្មោះ សុខ លាភ ទិញឥវ៉ាន់តែប៉ុណ្ណោះ។
ជនជាប់ចោទឈ្មោះ សុខ លាភ បានឆ្លើយថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការមែន។
សូមបញ្ជាក់ថា នៅក្នុងសវនាការ មិនមានវត្តមានមន្ត្រីនគរបាល របស់មន្ទីរប្រឆាំងគ្រឿងញៀនឡើយ ដោយតុលាការ បញ្ជាក់ថា កោះហៅ២លើក តែមិនព្រមចូលមកឆ្លើយ។
ទោះជាយ៉ាងតុលាការបានលើកពេលប្រកាសសាលក្រមនៃសំណុំរឿងនេះទៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ៕
https://youtu.be/xEV1T6XUe14




មតិយោបល់