ភ្នំពេញៈ រថយន្តម៉ាកហាយឡែនឌ័រ១គ្រឿង ខណៈដែលកំពុងបើកបរសុខៗបានជាប់ហ្គែរ បណ្ដាលឲ្យស្ទុះទៅមុខឆ្លងផ្លូវជ្រុលទៅបុក ម៉ូតូសណ្ដោងរម៉កដឹកឈើ១គ្រឿងពេញទំហឹង ប៉ុន្តែជាសំណាងល្អមិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសឬក៏ស្លាប់នោះឡើយ ហើយរថយន្តបង្កនោះបានរងការខូចខាតក្រពឹតមុខនិងបែកចង្កៀងខ្លួនឯងមួយចំហៀង ចំណែករម៉កដឹកឈើបានរងការ ខូចខាតខ្លះដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីថ្ងៃត្រង់ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខកងពលតូចលេខ៧០ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កខាងលើនោះម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AL-7091 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ចំណែកម៉ូតូសណ្ដោងរម៉កដឹកឈើនោះ ម៉ាកស៊ីទីផ្លឹសសេ១០០ ពណ៌ក្រហម បើកបរដោយ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។
នៅមុនពេលកើតហេតុម៉ូតូសណ្ដោងរម៉ក១គ្រឿងខាងលើ បានបើកបរធ្វើដំណើរក្នុងទិសដៅពី ជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កដែលបើកបរបញ្ច្រាសទិសគ្នា ក្នុងល្បឿនយ៉ាងលឿនក្នុង ទិសដៅពីត្បូងទៅជើង រ៉េចង្កូតឆ្លងផ្លូវជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យធ្លាក់ឈើមកដីរេលតែម្ដង។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះសំណាងល្អខ្លាំងណាស់ ដែលមិនបានបណ្ដាលឲ្យអ្នកបើកបរនិងអ្នកជិះរម៉កដឹកឈើ នោះគ្មាននរណាម្នាក់រងរបួសឡើយ ចំណែករថយន្តបានរងការខូចខាតក្រពឹតមុខ និងបែកចង្កៀងមួយចំហៀងខាងឆ្វេង រីឯរម៉កក៏បានរងការខូចខាតខ្លះដែរ ហើយក្រោយពេលកើតហេតុភាគីទាំង២បានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ នោះតែម្ដង៕
មតិយោបល់