ភ្នំពេញៈ អនុសាខាកាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ មន្រ្តីក្រោមឱវាទ និងមានការចូលរួមពីសំណាក់សមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បាននាំយកអំណោយចែកជូនពលរដ្ឋក្រីក្រ ចំនួន៥០គ្រួសារ និងកុមារចំនួន៣០០នាក់ នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដើម្បីសម្រួលដោះទ័លក្នុងស្ថានភាពជីវភាពប្រចាំថ្ងៃ ។
សកម្មភាពមនុស្សធម៌ ដឹកនាំដោយ អនុសាខាកាកបាទក្រហមខណ្ឌ បានប្រព្រឹត្តទៅ កាលពីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅ ក្នុងវត្តអារុណវត្តី ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
លោក ស៊ឹម ភូន ចៅសង្កាត់ត្រពាំងក្រសាំងបានឲ្យដឹងថា ក្នុងសង្កាត់របស់លោកមានចំនួន២៤ភូមិ មានប្រជាពលរដ្ឋសរុបចំនួន១៨៣៤៣នាក់។ លោកបន្តទៀតថា ដោយមានកិច្ចអភិវឌ្ឍន៍ ពីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំពីសម្តេចតេជោ ហ៊ុន សែន ទើបមាបការរីកចម្រើនគ្រប់វិស័យ លើហេដ្ឋារចនាសម្ព័ន្ធ ទើបឈានទៅដល់កាត់បន្ថយនូវភាពក្រីក្ររបស់ពលរដ្ឋ។ ហើយទន្ទឹមនឹងនេះ ក៏មានគ្រួសារពលរដ្ឋមួយចំនួន នៅមានជីភាពខ្សត់ខ្សោយ ក៏អាជ្ញាធរមិនទុកឲ្យពលរដ្ឋ រស់នៅដោយដាច់បាយស្លាប់ដែរ នេះបើតាមប្រសាសន៍របស់ សម្តេច នាយករដ្ឋមន្រ្តី ធ្លាប់មានប្រសាសន៍កន្លងមក។ ដោយឡែក នៅព្រឹកថ្ងៃទី០៨ ខែកក្កដា នេះមានគ្រួសារ ដែលមានជីវភាពក្រីក្រ ចំនួន៥០គ្រួសារ និងកុមារចំនួន៣០០នាក់ ត្រូវបានទទួលអំណោយ ដ៏ថ្លៃថ្លាពីសំណាក់អនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ មានលោក ហែម ដារិទ្ធ អភិបាលខណ្ឌ ជាប្រធាន និងចូលរួមពីសមាគមន៍ មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម។
អំណោយ ចែកជូនដល់គ្រួសារក្រីក្រ ទទួលបាននូវថវិការចំនួន៥ម៉ឺនរៀល អង្ករ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត និងកុមារ តូចៗ ទទួលបាននូវគ្រឿងឧបភោគ បរិភោគ មួយចំនួនផងដែរ ដើម្បីលើកទឹកចិត្តដល់កុមារ៕
មតិយោបល់