ព័ត៌មានជាតិ

តើទឹកក្រោមដីមានសារៈសំខាន់អ្វីខ្លះដល់បេតិកភណ្ឌ?

សៀមរាបៈ ទឹកក្រោមដី គឺជាទឹកដែលសល់ពីការប្រើប្រាស់ និងហួត ឬជាទឹកដែលស្ថិតនៅក្នុងស្រទាប់ដី ស្រទាប់ថ្មអាចបម្លាស់ទី ធ្វើចលនាបាន។ ទឹកនៅលើដីជាប្រភពនៃទឹកក្រោមដីតាមរយៈការជ្រាបចូលក្នុងដី។ កាលណាទឹកនៅលើដីរីងស្ងួតអស់វាធ្វើឲ្យប៉ះពាល់ដល់ទឹកក្រោមដី ដូចគ្នាដែរ បើគេប្រើប្រាស់ទឹកក្រោមដីច្រើន ក៏នឹងធ្វើឲ្យទឹកលើដីឆាប់រីងស្ងួតដែរ។ ដូច្នេះក្រៅពីគ្រប់គ្រងទឹកលើដី ទឹកក្រោមដីក៏គេត្រូវគិតគូរឲ្យបានហ្មត់ចត់ផងដែរ ជាពិសេសក្នុងតំបន់អង្គរ ដែលគ្រឹះប្រាសាទទាំងអស់សុទ្ធតែត្រូវការសំណើមជាប្រចាំ ធ្វើឲ្យកំហាប់ខ្សាច់រឹងមាំអាចទ្រទម្ងន់រាប់លានតោននៃថ្មប្រាសាទបាន។

អាជ្ញាធរជាតិអប្សរាដែលមានតួនាទីអភិរក្ស ថែរក្សាតំបន់រមណីយដ្ឋានអង្គរ តែងយកចិត្តទុកដាក់ជាប្រចាំលើការតាមដានបម្រែបម្រួលទឹក ទាំងទឹកក្រោមដី និងទឹកលើដី។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជា្ញធរជាតិអប្សរាបានឲ្យដឹងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះថា ការគ្រប់គ្រងទឹកក្រោមដីនេះគឺក្រុមការងារជំនាញបានចុះទៅវាស់ទឹកអណ្តូងជាប្រចាំពេញក្នុងមួយឆ្នាំ ដើម្បីតាមដានកម្ពស់ទឹកអណ្តូង ដោយជ្រើសរើសយក១៣ភូមិស្មើនឹង៨៧អណ្តូងនៅក្នុងតំបន់អង្គរ។ ការតាមដានដូច្នេះ ដើម្បីធានាថា ការប្រើប្រាស់ទឹកក្រោមដីរបស់ប្រជាពលរដ្ឋសព្វថ្ងៃ ជាពិសេស គឺនៅក្នុងក្រុងសៀមរាបទាំងមូលនឹងមិនគំរាមកំហែង ដល់កម្ពស់ទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ។

ជាមួយគ្នានឹងការតាមដានកម្ពស់ទឹក ក្រុមការងារជំនាញក៏បានយកទឹកក្រោមដីទៅធ្វើពិសោធន៍នៅក្រសួងបរិស្ថានចំនួន៤ដងក្នុងមួយឆ្នាំ ទៅលើ៧ភូមិក្នុងចំណោម១៣ភូមិខាងលើ ដោយធ្វើការពិសោធន៍រយៈពេល៣ខែម្តង ដើម្បីរកសារធាតុពុលក្នុងទឹក។ តាមលទ្ធផលកន្លងមក កម្ពស់ទឹកអណ្តូងក្នុងតំបន់អង្គរ ស្ថិតនៅក្នុងសភាពធម្មតាហើយក៏មិនមានសារធាតុពុលដែរ។

ទោះជាយ៉ាងនេះក្តី លោក សុឃីម អះអាងថា ថ្វីបើបច្ចុប្បន្នការប្រើប្រាស់ទឹកក្រោមដីមិនទាន់បង្ហាញសញ្ញាបារម្ភណាមួយ តែតាមការសិក្សារបស់ JICA បើការប្រើប្រាស់ទឹកក្រោមដីនេះចេះតែកើនឡើងខ្លាំង វាអាចនឹងបង្កការប៉ះពាល់ជាមិនខាននាពេលអនាគត។

យតបនឹងបញ្ហានេះ ក្រុមជំនាញគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានខិតខំប្រឹងប្រែងគ្រប់គ្រងទឹកលើដីឲ្យមាននៅជាប្រចាំគ្រប់រដូវ តាមរយៈការស្តារប្រព័ន្ធធារាសាស្រ្ត និងអាងស្តុកទឹកបុរាណដើម្បីរក្សាទឹកទុក ដោយបានប្រមែប្រមូលទឹកពីទីកន្លែងផ្សេងៗ មកដាក់ក្នុងប្រព័ន្ធធារាសាស្រ្ត និងអាងស្តុកទឹកបុរាណឡើងវិញ។

ជាមួយគ្នានេះ ក្រុមការងារក៏បានអប់រំប្រជាពលរដ្ឋឲ្យពួកគាត់ បែរមកធ្វើស្រូវនិងដាំដំណាំដែលប្រើរយៈពេលខ្លី ចំណាយទឹកតិច និងឲ្យពួកគាត់ចូលរួមជួយថែរក្សាប្រព័ន្ធធារាសាស្រ្តនិងអាងស្តុកទឹកបុរាណព្រមទាំងជួយថែរក្សាការពារព្រៃឈើនិងដាំដើមឈើឡើងវិញ។ លើសពីនេះទៅទៀត នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ក៏មានកិច្ចសហការជាប្រចាំជាមួយរដ្ឋាករទឹកសៀមរាប ដើម្បីរិះរកដំណោះស្រាយផ្សេងៗដែលអាចកាត់បន្ថយការបូមទឹកពីក្រោមដីប្រើប្រាស់ច្រើនពេក ហើយនឹងរកប្រភពទឹកលើដីមកជំនួសវិញ ដូចជា ការទាញយកទឹកពីបារាយណ៍ទឹកថ្លាមកធ្វើជាទឹកស្អាត ផ្គត់ផ្គង់ក្រុងសៀមរាបជាដើម៕

photo_2016-06-07_18-40-50photo_2016-06-07_18-40-52photo_2016-06-07_18-40-54photo_2016-06-07_18-40-55

មតិយោបល់