ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ

ភ្នំពេញៈ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចនិងកម្លាំងកងរាជអាវុធហត្ថ បានសហការគ្នាឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលបានធ្វើសកម្មភាពប្លន់យកម៉ូតូពីបុរស៣នាក់ បានសម្រេច។

ជនសង្ស័យទី១ឈ្មោះ ឌឿន ធី ហៅរ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ និងទី២ឈ្មោះ ដេត ឋានៈ ហៅឈៀវ ភេទប្រុស អាយុ២២ឆ្នាំ បើកបរម៉ូតូ២គ្រឿងម៉ាកហុងដាប៊ីត ពណ៌ស និងម៉ាកអ៊ែរប្លេក ពណ៌ស។
ចំណែកឯម្ចាស់ម៉ូតូជាជនរងគ្រោះ ឈ្មោះ កឿន សេងហ៊ួរ ភេទប្រុស អាយុ១៨ឆ្នាំ បើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត ពណ៌ក្រហម លាយស ស៊េរីឆ្នាំ២០១៧ ស្លាកលេខភ្នំពេញ 1GP-9652 និងអ្នករួមដំណើរ២នាក់ឈ្មោះ យ៉ាវ ណាលីន និងហុងណារ៉ូ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨និង២០នាទីយប់ ជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូឌុបគ្នាចេញពីសាលាវ៉ាន់ដា ក្នុងគោលបំណងទៅដើរលេងនៅវិមានឯករាជ្យ លុះជិះដល់ចំណុចផ្លូវ១៤៣កែងផ្លូវ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ក៏ស្រាប់តែមានម៉ូតូ២គ្រឿង ម៉ាកហុងដាប៊ីត ពណ៌ស និងម៉ាកអ៊ែរប្លេក ពណ៌ស ដោយក្នុងមួយគ្រឿងជិះគ្នា២នាក់ បានជិះដេញតាមម៉ូតូរបស់ជនរងគ្រោះ ដែលកំពុងជិះឌុបគ្នាលើដងផ្លូវ នៅចំណុចខាងលើ ស្របពេលនោះក្រុមជនសង្ស័យបានលោតចុះពីលើម៉ូតូ ហើយបានយកមួកការពារ និងដុំថ្មវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសបែកក្បាលហូរឈាមយ៉ាងដំណំ ហើយពួកគេបានស្រែកគំរាមបាញ់ បណ្ដាលឲ្យជនរងគ្រោះមានការភិតភ័យ ក៏រត់គេចខ្លួនចោលម៉ូតូបាត់តែម្ដង។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យគំរាមប្លន់យកបាននោះ ពួកគេបានប្តូរស្លាកលេខពីភ្នំពេញ 1GP-9652 ទៅ 1GR-5729វិញ។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាមៗនោះ កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌចំការមន បានសហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ យ៉ាងល្អិតល្អន់ និងកំណត់មុខសញ្ញារហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យទាំងពីរ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៣និង១៥នាទីទាបភ្លឺ នៅត្រង់ចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

មតិយោបល់