ព័ត៌មានអន្តរជាតិ

ការសាកល្បងអាវុធនុយក្លេអ៊ែរថ្មីរបស់កូរ៉េខាងជើង អាចកើតមានទ្បើងគ្រប់ពេល

កូរ៉េៈ បន្ទាប់ពីការធ្វើសន្និសីទបិទទ្វារ របស់ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទបានឲ្យដឹងថា ក្រុងព្យុងយ៉ាង អាចនឹងត្រៀមរៀបចំការសាកល្បងមីស៊ីលថ្មី នៅចុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

សមាជិកសភាកូរ៉េខាងត្បូង បានប្រាប់អ្នកយកព័ត៌មានថា ការធ្វើតេស្តនេះ ទំនងជាត្រូវបានធ្វើឡើង ក្រោមរូបភាពបាញ់បង្ហោះផ្កាយរណប ដើម្បីចៀសវាងពីការសង្ស័យ។

លោក Yi Wan-young សមាជិកសភានៅទីក្រុងសេអ៊ូល បាននិយាយថា «ទីភ្នាក់ងារនេះ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ទាក់ទងនឹងការអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើងនៅក្នុងឆ្នាំនេះ ខណៈដែលរបបមួយនេះ ព្យាយាមបិទបាំងដើម្បីឲ្យពួកគេយល់ថា ត្រឹមតែជាការបាញ់បង្ហោះផ្កាយរណបប៉ុណ្ណោះ ប៉ុន្តែធាតុពិត គោលដៅរបស់ក្រុងព្យុងយ៉ាង គឺចង់បង្កើនការគំរាមកំហែង ប្រឆាំងនឹងសហរដ្ឋអាមេរិក»។

មកទល់ពេលនេះ បើទោះបីជាមិនមានសញ្ញាចង្អុលបង្ហាញច្រើនថា ក្រុងព្យុងយ៉ាងពិតជាកំពុងរៀបចំផែនការ សម្រាប់ការធ្វើតេស្តអាវុធក៏ដោយ ប៉ុន្តែនទីភ្នាក់ងារចារកម្ម បានជូនដំណឹងថា «ទាំងអស់គឺវាអាស្រ័យទៅលើការប្តេជ្ញាចិត្តរបស់លោក គីម ជុងអ៊ុន ហើយបានសង្កត់ធ្ងន់ថា ការធ្វើតេស្តថ្មី ប្រាកដជាអាចទៅរួចគ្រប់ពេលណាមួយ»៕

មតិយោបល់