ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-ជប៉ុន ថា ការដាក់កូរ៉េខាងជើង ក្នុងបញ្ជីរដ្ឋឧបត្ថម្ភអំពើភេរវកម្មវិញ នឹងជាសម្ពាធឲ្យរបបនេះបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ

កូរ៉េ: ក្រុងសេអ៊ូល និងតូក្យូ នៅថ្ងៃអង្គារនេះ បានស្វាគមន៍ចំពោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានប្រកាសដាក់កូរ៉េខាងជើង ឲ្យត្រឡប់ចូលក្នុងបញ្ជីរដ្ឋគាំទ្រអំពើភេរវកម្មទ្បើងវិញ ដោយពួកគេបាននិយាយថា វានឹងបង្កើនសម្ពាធដល់ក្រុងព្យុងយ៉ាង ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែររបស់របបមួយនេះ នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការប្រកាសយ៉ាងដូច្នេះ បានធ្វើទ្បើងដោយអាមេរិកកាលពីថ្ងៃច័ន្ទ ក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើកូរ៉េខាងជើង ដែលកំពុងស្វែងរក ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ប្រភពពីទីភ្នាក់ងារព័ត៌មានក្យូដូ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅថ្ងៃអង្គារនេះថា «ខ្ញុំសូមស្វាគមន៍ និងគាំទ្រចំពោះការប្រកាសរបស់លោក ត្រាំ ព្រោះវានឹងបង្កើនសម្ពាធកាន់តែខ្លាំងដល់កូរ៉េខាងជើង។

ដោយទ្បែកក្រសួងការបរទេសរបស់កូរ៉េខាងត្បូង បាននិយាយនៅក្នុងសារមួយថា ខ្លួនរំពឹងថា ការចុះបញ្ជីនេះ នឹងរួមចំណែកដល់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ ដោយសន្តិភាព ជាមួយក្រុងព្យុងយ៉ាង ហើយអាចនាំឲ្យមានកិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើង៕

មតិយោបល់