ព័ត៌មានជាតិ

ធ្វើសកម្មភាពគាស់ផ្ទះ ម្ចាស់តាមទាន់ ចាប់ប្របួចឱ្យសមត្ថកិច្ច

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ចាប់ស្វាគមន៍ឆ្នាំថ្មី បន្ទាប់ពីឆ្លៀតឱកាស ឃើញមនុស្សម្នារវិលទៅស្រុកគគ្រឹកគគ្រេង បែជាទៅធ្វើសកម្មភាពគាស់ផ្ទះ ម្ចាស់ទាន់ ចាប់បាននាំគ្នាសំពង បែកមុខមាត់ កាលពីវេលាម៉ោង០៣ និង៤០នាទី រសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមានឈ្មោះ ថូ កុសល ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិខ្នាច ឃុំខ្នាច ស្រុកសំរោង ខេត្តតាកែវ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q-0358 ជាមធ្យោបាយ។ ចំណែកជនរងគ្រោះ ជាម្ចាស់ផ្ទះ បន្ទប់ជួល ដែលត្រូវចោរចូលលួចគាស់ផ្ទះ មានឈ្មោះ សៅ​ សុខលក្ខណា ។

តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យបានបានជិះម៉ូតូ ទៅធ្វើសកម្មភាព គាស់សោទ្វារ ប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ តែដោយសារម្ចាស់មិនទាន់ទៅណា ក៏តាមទាន់ ស្រែកផ្អើលអ្នកជិតខាង ដេញតាមចាប់បាន ស្វាគមន៍ វាយសំពង យ៉ាងចាស់ដៃ បែកមុខមាត់ ស្ទើរសល់តែដង្ហើមចង្រឹត រួចទើបប្រគល់ឲ្យប៉ូលិស។

ជនសង្ស័យ បន្ទាប់ពីប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបាន រួមជាមួយម៉ូតូមួយគ្រឿង ត្រូវបានបងប្អូនប្រជាពលរដ្ឋ ចាប់យកទៅប្រគល់ឲ្យប៉ូលិស នៅប៉ុស្តិ៍ចោមចៅ ដើម្បីធ្វើការសាកសួរ ចាត់ការទៅតាមនីតិវិធី៕

photo_2016-04-09_22-07-23photo_2016-04-09_22-07-11 photo_2016-04-09_22-07-15 photo_2016-04-09_22-06-58photo_2016-04-09_22-07-08photo_2016-04-09_22-07-04

មតិយោបល់