ភ្នំពេញៈ លោកវរសេនីយ៍ឯក ឈិន គីមធុយ អធិការខណ្ឌព្រែកព្នៅ បានប្រាប់Post Newsថា មានករណីឆក់ចរន្តអគ្គិសនី បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចដេប៉ូបូមខ្សាច់ផ្លូវជាតិលេខ៥ ស្ថតិក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សំ ភាព ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ បានស្លាប់ដោយសារឆក់ខ្សែរភ្លើងដែលបន្សល់ទុកស្លាកស្នាមជាំរលាត់ចុងភ្នែកខាងឆ្វេងមួយកន្លែង ស្នាមឆេះខ្លោចថ្ពាល់ខាងឆ្វេងមួយកន្លែង ខ្លោចត្រង់ក៏ដៃស្ដាំមួយកន្លែង ខ្លោចជង្គង់ស្ដាំមួយកន្លែងខ្លោច ស្មងជើងមួយកន្លែង និងខ្លោចក៏ជើងឆ្វេង១កន្លែង។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានមកអង្គុយហូបបាយល្ងាចជុំគ្នាជាមួយក្រុមការងារ រួចក៏ចូលទៅសម្រាក នៅកន្លែងកើតហេតុខាងលើ លុះព្រឹកឡើង ឈ្មោះ កប់ បានដើរទៅមើលឡានក្នុងការដ្ឋាន ក៏ស្រាប់តែប្រទះឃើញសពជនរងគ្រោះឆក់ចរន្តអគ្គិសនីដេកស្លាប់នៅនឹងកន្លែងតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពិតបា្រកដមែន ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់