ព័ត៌មានជាតិ

ជួញដូរគ្រឿងញៀន ជិះសុទ្ធតែម៉ូតូធំចឹងហ្មង!..

ភ្នំពេញ: លោកវរសេនីយ៍ឯក ឈិន គីម ធុយ អធិការខណ្ឌព្រែកព្នៅ បានប្រាប់Post Newsថា មានករណីឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរខុសច្បាប់នូវសារធាតុញៀន។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវបេតុង ភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ សុន ផាន់នី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខត្រង់ចំណុចផ្លូវលំ ភូមិថ្នល់ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងជនទី២ឈ្មោះ សៀង ផាន់នីត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខត្រង់ផ្លូវលំ ភូមិផ្សារព្រហ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

វត្ថុតាងដែលត្រូវសមត្ថកិច្ច ធ្វើការដកហូត រួមមាន
ម្សៅក្រាមសថ្លាសង្ស័យគ្រឿងញៀនចំនួន១កញ្ចប់ធំ ទូរសព្ទដៃម៉ាកសាំសុង ពណ៌ខ្មៅ ចំនួន១គ្រឿង ,ម៉ូតូមួយគ្រឿងម៉ាកkavasaki Z២៥០ ស៊េរីឆ្នាំ២០១៥ ពណ៌ស បិតស្កុតក្រហម និងស្រោមសំបុត្រពណ៌សចំនួន១។

ប្រភពដដែលបានបន្តថា មុនឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង បានចុះល្បាតក្នុងមូលដ្ឋាន ខណ:នោះក៏ប្រទះឃើញជនសង្ស័យចំនួន២នាក់ បានបើកម៉ូតូមួយគ្រឿង ម៉ាកKavasaki Z២៥០ ធ្វើដំណើរពីកើតទៅលិច ដោយមានភាពសង្ស័យ កម្លាំងជំនាញបានឃាត់ខ្លួនហើយធ្វើការត្រួតពិនិត្យនិងឆែកឆេរ រកឃើញម្សៅក្រាមសថ្លាសង្ស័យគ្រឿងញៀនចំនួន១កញ្ចប់ធំ នៅក្នុងហោប៉ាវជនសង្ស័យ ឈ្មោះ សុន ផាន់នី។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការសាកសួរ និងកសាងសំណុំរឿងរួចបញ្ជូនបន្តទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់