ព័ត៌មានបច្ចេកវិទ្យា

Huawei ប្រកាសចេញស្មាតហ្វូនថ្នាក់កណ្តាល កាមេរ៉ា ៤ អេក្រង់ពេញគែម Honor 7X

បន្ទាប់ពីប្រកាសចេញស្មាតហ្វូនលំដាប់ថ្នាក់ខ្ពស់ Mate 10 ជាផ្លូវការមិនទាន់បានយូរប៉ុន្មានផង​ ក្រុមហ៊ុន Huawei ស្រាប់តែបញ្ចេញស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលត្រកូល Honor ស៊េរីថ្មីមួយម៉ូឌែលទៀត បំពាក់កាមេរ៉ា ៤ គ្រាប់ អេក្រង់ពេញគែមទំហំ ៥.៩៣ អីុញ និងបន្ទះឈីប Kirin 659។

ស្មាតហ្វូនត្រកូល Honor នេះ ដោយសារតែវាក៏ជាផលិតផលម៉ាកមួយរបស់ក្រុមហ៊ុន Huawei ដែរនោះ សមត្ថភាពកាមេរ៉ា គឺជា​ចំណុចផ្តោតដ៏សំខាន់មួយ ទាំងខាងមុខ និងខាងក្រោយ ដោយវាអាចផ្តិតយករូបភាពក្នុងពេលរាត្រីបានច្បាស់ល្អ មានបន្ថែមមុខងារកែទីជម្រៅរូបភាពថ្មី មុខងារថតរូប Portrait និងមុខងារថតរូបបែបអាជីពជាច្រើនផ្សេងទៀត។

ក្រៅពីនេះ ក្រុមហ៊ុនអះអាងថា ជ្រុងទាំងបួនរបស់ទូរសព្ទគឺមានការរចនាបន្ថែមភាពជាប់ធុននឹងការប៉ះទង្គិច ចំណែកថ្មវិញ គឺផ្តល់កម្រិតសុវត្ថិភាពខ្ពស់ អាចទប់ស្កាត់ការឡើងកម្តៅជ្រុលដោយសារចរន្តភ្លើង និងកម្លាំងវ៉ុលកើនឡើងបាន។

តាមរយ:សេចក្តីប្រកាស​ ក្រុមហ៊ុនពុំបានគូសបញ្ជាក់ថា Honor 7X ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android ជំនាន់​ណានោះទេ ប៉ុន្តែ គេជឿថា វានឹងដើរលើ Nougat ជាមួយ EMUI 5.1។

ចំពោះព័ត៌មានស្តីពីតម្លៃវិញ គេពុំទាន់ទទួលបាននៅឡើយទេ ប៉ុន្តែ គេដឹងច្បាស់ថា ក្រុមហ៊ុន Amazon នឹងទទួលបានសិទ្ធិចែកចាយផ្តាច់មុខនៅក្នុងប្រទេសឥណ្ឌា៕

មតិយោបល់