ព័ត៌មានជាតិ

បើកម៉ូតូវ៉ារថយន្តស្របទិសគ្នាមិនប្រយ័ត្នបានបុកជាមួយរថយន្តបញ្ច្រសគ្នារបួសធ្ងន់

កណ្ដាល: បុរសម្នាក់បើកម៉ូតូវ៉ាជែងរថយន្តស្របទិសគ្នាមិនប្រយ័ត្នបណ្ដាលឲ្យជ្រុលទៅបុករថយន្តមួយគ្រឿង
ទៀតបើច្រាស់ទិសគ្នា បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៦និង២០នាទី ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ម៉ាប់ ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតនៅភូមិវាល ឃុំពាមព្រះជោក ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ភូមិព្រែកប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឃ្លិក ធុនសេ១២៥ ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1W 4623 ។ ចំណែករថយន្តម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2 AW -6972 បើកបរដោយឈ្មោះ ជួន សុផាត ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាអ្នកបើកបរម៉ូតូខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបន្ថែមល្បឿនវ៉ាជែងរថយន្តបើកនៅខាងមុខ តែមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបើកបរក្នុងទិសដៅពីត្បូងទៅជើង ពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯរថយន្តនិងម៉ូតូត្រូវបាននគរបាលចរាចរណ៍ចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់