ព័ត៌មានជាតិ

សាន់តាហ្វាបើកលឿន រេចង្កូតទៅបុករថយន្តបែនដឹកដី ជ្រុលទៅបុកម៉ូតូ របួសធ្ងន់ស្រាល៤នាក់ នៅស្រុកពាមរក៍

ព្រៃវែងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿង បើកក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៤នាក់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង១០នាទីព្រឹក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ម្ចាស់រថយន្តបែន មិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ បើករថយន្តបែនដឹកដី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-2384 និងម្ចាស់ម៉ូតូក៏មិនបានស្គាល់អត្តសញ្ញាណនោះដែរ បើកម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ មានស្លាកលេខស្វាយរៀង 1K-8852 រងរបួសធ្ងន់។

ចំណែករថយន្តម៉ាក សាន់តាហ្វា ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2Z0149 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ និងអ្នករួមដំណើរ៣នាក់ ទី១ឈ្មោះ កាង ជុងឃ្យូន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិកូរ៉េ មុខរបរពាណិជ្ជករ នៅស្នាក់នៅភូមិសុធា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសស្រាល។ ទី២ឈ្មោះ អា គីយ៉ាម៉ា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិជប៉ុន រស់នៅប្រទេសជប៉ុន របួសស្រាល។
និងទី៣ឈ្មោះ តា កេដា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិជប៉ុន រស់នៅប្រទេសជប៉ុន រងរបួសស្រាល។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
មូលហេតុ រថយន្តម៉ាកសាន់តាហ្វា បើកលឿនរេចង្កូតទៅបុកកង់ក្រោយរថយន្តបែនដឹកដីបណ្តាលអោយរបូតកង់ ហើយក៏ជ្រុលទៅបុកម៉ូតូកំពុងជិះនៅខាងស្តាំដៃ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង ចំណែករថយន្តត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់