ភ្នំពេញៈ រថយន្តម៉ាកនីសាន់ណាវ៉ារ៉ា មួយគ្រឿង មិនចាំស្លាកលេខបើកបត់មិនប្រុងប្រយ័ត្នក្នុងល្បឿនលឿន ក៏បុកជាមួយម៉ូតូCBRមួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរសនិងនារីម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកCBR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DH-1768 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីម្នាក់ទៀត ទិសដៅពីត្បូងទៅជើង ស្រាប់តែមានរថយន្តម៉ាកនីសាន់ ណាវ៉ារ៉ា មួយគ្រឿង មិនចាំស្លាកលេខ បំណងបើកបត់ចូលផ្លូវដីខ្សាច់ចេញតាមច្រកផ្សារក្រមួន តែបត់ក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូដែលជិះស្របទិសដៅគ្នា បណ្តាលឲ្យបុរសម្នាក់និងនារីម្នាក់រងរបួសធ្ងន់ រីឯម៉ូតូរងការខូចខាតផ្នែកខាងមុខ ចំណែករថយន្តវិញឃើញដូចនោះក៏បន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង២បានយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ នៅសល់តែម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកមករក្សាទុកឲ្យរង់ចាំម្ចាស់ម៉ូតូយកឯកសារមកទទួលយកទៅវិញ៕
មតិយោបល់