មនុស្សភាគច្រើនតែងតែស្តាយមិនចង់ខ្ចេះខ្ជាយអាហារឡើយ បន្ទាប់ពីញ៉ាំអាហារពេលល្ងាចនៅសេសសល់ ច្បាស់ជាប្រមូលទុកញ៉ាំនៅពេលព្រឹកឡើងម្តងទៀត។ ប៉ុន្តែនេះជាទម្លាប់អាក្រក់មួយដែលធ្វើឲ្យខូចសុខភាពដោយមិនដឹងខ្លួន។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា អាហារខ្លះដែលនៅសេសសល់ពីពេលល្ងាច អ្នកមិនគួរទុកញ៉ាំនៅពេលព្រឹកម្តងទៀតនោះទេ ព្រោះវាអាចប្រែទៅជាជូរផ្អូម បាត់បង់ប្រយោជន៍សម្រាប់រាងកាយ ហើយបង្កឲ្យមានគ្រោះថ្នាក់ដល់រាងកាយផងដែរ។ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកមិនគួរទទួលទានបន្ទាប់ពីសល់មួយយប់៖
តែបៃតង
បើទោះបីជាតែបៃតង គឺជាភេសជ្ជៈដែលមានអត្ថប្រយោន៍សម្រាប់សុខភាពក៏ដោយ ប៉ុន្តែប្រសិនបើអ្នកទុកពេញមួយយប់វានឹងបាត់បង់ប្រូតេអ៊ីន និងវីតាមីនទាំងអស់។ តែដែលនៅសល់យូរបែបនេះអាចបង្កើតបាក់តេរី និងមេរោគផ្សិតកាន់តែច្រើនឡើង ដែលបង្កឲ្យខូចសុខភាព។ ហេតុនេះអ្នកត្រូវចាំថា តែដែលទុកពេញមួយយប់ហើយ កុំទទួលទានឲ្យសោះ។
ស៊ុត
ស៊ុត ជាអាហារដ៏ពេញនិយមបំផុតសម្រាប់មនុស្សគ្រប់ក្រុមគ្រួសារ ព្រោះវាងាយស្រួលក្នុងការចម្អិន ហើយមានរសជាតិឆ្ងាញ់ថែមទៀត ជាពិសេសអាហារពេលព្រឹកតែម្តង។ ទោះជាយ៉ាងណា ស៊ុត ដែលចម្អិនមិនបានឆ្អិនល្អទាំងស្រុង ឬនៅជ័រព្នៅ កុំបរិភោគឲ្យសោះប្រសិនបើអ្នកទុកចោលមួយយប់។ ស៊ុតបែបនេះ ងាយស្រួលនឹងឆ្លងមេរោគ ដែលបង្កឲ្យកើតមានជំងឺរំលាយអាហារ ហើមពោះ និងរាក…ជាដើម។
ប៉ុន្តែប្រសិនបើស៊ុតត្រូវបានចម្អិនឆ្អិនល្អ ហើយបានរក្សាទុកបានត្រឹមត្រូវទៀតនោះ វាមានសុវត្ថិភាពរហូតដល់ទៅ ៤៨ម៉ោង។
អាហារសមុទ្រ
ពពួកអាហារសមុទ្រដូចជា ងាវ លៀស អយស្ទ័រ… អ្នកមិនគួរយកមកញ៉ាំម្តងទៀតនោះទេ ប្រសិនបើសល់មួយយប់ទៅហើយ។ អាហារសមុទ្រដែលសល់ ងាយនឹងបំបែកប្រូតេអ៊ីន ហើយអាចបំផ្លាញដល់មុខងារថ្លើម និងតម្រងនោមថែមទៀត។
ដូច្នេះយកល្អ អ្នកគួរតែមានការប្រុងប្រយ័ត្នចំពោះការញ៉ាំអាហារដែលនៅសេសសល់ ដើម្បីជៀសវាងហានិភ័យផ្សេងៗចំពោះសុខភាព៕
មតិយោបល់