ព័ត៌មានជាតិ

ជាងពិដានម្នាក់ ត្រូវចរន្តអគ្គីសនីឆក់ បណ្តាលឲ្យផ្ទុះឆេះរងរបួសធ្ងន់!

បន្ទាយមានជ័យៈ ជាងពិដានម្នាក់ ត្រូវចរន្តអគ្គិសនីឆក់រងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈកំពុងតែរៀបធ្វើពិដានផ្ទះថ្មីអោយគេ នៅបណ្តោយមហាវិថី៧មករា ខាងត្បូងសាលាក្រុង ក្នុងភូមិខ្លាកូនចាស់ សង្កាត់ កំពង់ស្វាយក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះត្រូវបានអធិការក្រុងសិរីសោភ័ណលោក ស៊ី ឌី ប្រាប់ថា មានឈ្មោះ ភូ ភុយ ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិព្រៃទទឹងឃុំភ្នំតូចស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន ស្នាក់នៅធ្វើពិដានផ្ទះអោយឈ្មោះ មឿន សីហា ភេទប្រុសអាយុ៣៨ឆ្នាំ។

សាក្សីនិយាយថា គេបានឮសំលេងផ្ទុះចេញពីខ្លួនជនរងគ្រោះនិងអណ្តាតភ្លើង ដែលឆេះនៅផ្នែកខាងស្តាំ ខ្លោចមួយចំហៀងខ្លួន។ការដែលផ្ទុះឆេះនេះគឺបណ្តាលមកពីការ លើកដែកពិដានទៅប៉ះជាមួខ្សែភ្លើងស្រាតដែលស្ថិតនៅលើដំបូលផ្ទះ។

អ្នករិះគន់បាននិយាយថា អាជ្ញាធរក្រុងនិងមន្ទីរជំនាញគួរយកចិត្តទុកដាក់ ចំពោះសំណង់មួយនេះ មិនត្រូវអោយសង់គៀកនឹងបង្គោលភ្លើង នឹងក្បែរផ្លូវពេកទេ ព្រោះងាយនឹងបង្កអោយមានហានិភ័យផ្សេងៗ។
បច្ចុប្បន្នជនរងគ្រោះកំពុងស្ថិតក្រោមការជួយសង្គ្រោះពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី៕

មតិយោបល់