ព័ត៌មានជាតិ

កុងតឺន័រ បើកចេញពីឃ្លាំង មិនប្រុងប្រយ័ត្នបុកជាមួយម៉ូតូស៊ុយសាគីលែត ផ្ទុះអាវុធចំនួន២គ្រាប់

ភ្នំពេញៈ បុរសម្នាក់បើករថយន្តកុងតឺន័រចេញពីឃ្លាំង បត់ឆ្លងផ្លូវក្នុងល្បឿនលឿនស្រាប់តែបុកម៉ូតូស៊ុយសាគីលែត បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ ហើយម្ចាស់រថយន្តរត់ចូលឃ្លាំងមួយសន្ទុះក៏ឭសូរសំឡេងផ្ទុះអាវុធចេញពីក្នុងឃ្លាំងនោះមកចំនួន២គ្រាប់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅមុខបុរីពិភពថ្មី តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូស៊ុយសាគីលែត ពណ៌ស មួយគ្រឿង ជិះគ្នា៣នាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-0945 បើកតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ស្រាប់តែមានរថយន្តមួយគ្រឿង ប្រភេទកុងតឺន័រធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3A-1501 បើកបរដោយបុរសម្នាក់ចេញពីឃ្លាំងមកឆ្លងផ្លូវ មិនប្រុងប្រយ័ត្ន ក៏បុកម៉ូតូស៊ុយសាគីលែត បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាល៣នាក់ត្រូវមិត្តភក្តិបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយម្ចាស់រថយន្តកុងតឺន័រនោះឃើញដូច្នេះក៏បើកទ្វារត់ចូលក្នុងឃ្លាំងរបស់ខ្លួនបាត់ស្រមោលឈឹង ហើយប្រជាពលរដ្ឋក៏ដូចជាមិត្តភក្កិរបស់ជនរងគ្រោះបានឈរស្រែកហៅឲ្យតៃកុងរថយន្តនោះចេញមកដោះស្រាយ មានអីស្រាប់តែឭស្នូលបាញ់ឡើងលើចំនួន២គ្រាប់បែកផ្កាភ្លើងផ្អើលសមត្ថកិច្ចនៅខណ្ឌឬស្សីកែវ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយទៅតាមនិតិវិធីច្បាប់ហើយនឹងស្វែងរកខ្មាន់កាំភ្លើងដែលបាញ់គំរាមមិនឲ្យប្រជាពលរដ្ឋស្រែកឲ្យតៃកុងរថយន្តនោះចេញមក ដើម្បីយកទៅអប់រំនិងដាក់ទោសទៅតាមផ្លូវច្បាប់ ៕

មតិយោបល់