ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! បុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់​ នៅព្រៃវែង

ព្រៃវែងៈ កាលពីវេលាម៉ោង ៣ និង ១០ នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគោ ១ក្បាល ដើរទៅប៉ះខ្សែកាប្លិ៍ ដែលធ្លាក់ចូលក្នុងទឹកស្រែ បណ្តាលឲ្យឆក់ លុះបុរសជាម្ចាស់គោឃើញដូច្នេះ ទើបចុះទៅជួយ ក៏ត្រូវចរន្តភ្លើងឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចភូមិអូ ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជនរងគ្រោះមានឈ្មោះ អឿន ភាត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិត្រពាំងកំពឹស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានសត្វគោមួយក្បាល បានដើរទៅប៉ះខ្សែកាប្លិ៍ (ខ្សែភ្លើង) ដែលធ្លាក់ក្នុងទឹកស្រែ បណ្តាលឲ្យឆក់ ខណៈនោះម្ចាស់ក៏បានចុះទៅជួយ តែត្រូវចរន្តភ្លើងឆក់ស្លាប់ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅត្រួតពិនិត្យសពរួច ទើបប្រគល់សពជូនសាច់ញាតិគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់