ព័ត៌មានជាតិ

ក្រុមជនដៃដល់ ដកកាំភ្លើងខ្លីបាញ់៤គ្រាប់ ចូលទៅក្នុងកាស៊ីណូ នៅក្រុងព្រះសីហនុ បណ្ដាលជនជាតិចិនម្នាក់ របួសធ្ងន់

ព្រះសីហនុៈ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កំពុងបន្តបើកការស្រាវជ្រាវរកមុខរកជនដៃដល់ ក្នុងករណីផ្ទុះអាវុធ នៅការស៊ីណូមួយកន្លែង បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ជាភ្ញៀវ កំពុងនៅទីតាំងខាងលើ រងរបួសធ្ងន់ កាលពីយប់ជិតពាក់កណ្តាលអធ្រាត្រ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចកាស៊ីណូទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា ករណីនេះ បង្កឡើងដោយជនជាតិ ១ក្រុម មានគ្នា ៤នាក់ និងកើតឡើងបន្ទាប់ពីក្រុមជនដៃដល់ បម្រុងចូលទៅលេងហ្គេមបាញ់ត្រី ក្នុងកាស៊ីណូខាងលើ ប៉ុន្តែត្រូវបានរារាំងហាមឃាត់ពីក្រុមសន្តិសុខ មិនឲ្យចូល ទើបកើតជាជម្លោះ ដោយជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក បានដកកាំភ្លើងខ្លីបាញ់៤គ្រាប់ ចូលទៅក្នុងកាស៊ីណូ។

ក្រោយបង្ករួច ក្រុមជនដៃដល់ក៏នាំគ្នារត់គេចខ្លួន ចំណែកជនរងគ្រោះ ដែលរងរបួសធ្ងន់ បានគេបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ៕

មតិយោបល់