កណ្ដាលៈ នាយនគរបាលខេត្ដកណ្ដាល ចំនួន៩០រូប ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ក្រោមអធិបតីភាពឧត្ដមសេនីសេនីយ៍ឯក ដូង សារឿន អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល។
ពិធីនេះ មានការចូលរួមពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក-លោកស្រីស្នងការរង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដ មេបញ្ជាការរង ប្រតិបត្ដិការសឹករងខេត្ដកណ្ដាល នាយ-នាយរងការិយាល័យ អធិការ១១ក្រុង/ស្រុក និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១២៧ប៉ុស្ដិ៍។
លោកវរសេនីយ៍ឯក ចាន់ វុទ្ធី នាយការិយាល័យបុគ្គលិករាជធានី/ខេត្ដ នៃនាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ បានឲ្យដឹងថា នាយនគរបាលខេត្ដកណ្ដាល ដែលត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ មានចំនួន៩០រូប។ ក្នុងនោះ ផ្ទេរភារកិច្ចតែងតាំងមុខតំណែង២៧រូប (នាយការិយាល័យ៣រូប នាយរងការិយាល័យ១២រូប អធិការរង១១រូប និងនាយផ្នែក១រូប)។ ដោយឡែក នាយនគរបាលដែលត្រូវបានបំពាក់ឋានន្ដរស័ក្ដិចំនួន៦៣រូប (ថ្នាក់វរសេនីយ៏ទោ៣៧រូប ថ្នាក់វរសេនីយ៍ត្រី២០រូប ថ្នាក់អនុសេនីយ៍ឯក៤រូប និងថ្នាក់អនុសេនីយ៍ទោ២រូប)។
នាឱកាសប្រកាសផ្ទេរភារកិច្ច-តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយនគរបាលខេត្ដកណ្ដាល លោកឧត្ដមសេនីយ៍ឯក ដូង សារឿន បានកោតសសើរដល់មន្ដ្រីនគរបាលខេត្ដ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវបង្រ្កាបបទល្មើស ដែលកើតមានឡើងក្នុងភូមិសាស្រ្ដខេត្ដកណ្ដាល នាពេលកន្លងមក បានលទ្ធផលល្អប្រសើរ។ ការងារបង្រ្កាបទាំងនេះ ធ្វើទៅបានដោយជោគជ័យ ដោយសារតែមានកិច្ចសហការល្អរវាងថ្នាក់ដឹកនាំ និងមន្រ្ដីនគរបាលនៅតាមមូលដ្ឋាន។ បទល្មើសមួយកើតមានឡើង មិនអាចធ្វើការបង្រ្កាបបានភ្លាមៗនោះទេ គឺត្រូវចំណាយពេលដើម្បីស៊ើបអង្កេតស្រាវជ្រាវ ទើបឈានដល់ការបង្រ្កាប។
លោកអនុប្រធាននាយកដ្ឋានបុគ្គលិក បន្តថា ការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិជូនមន្រ្ដីនគរបាលនៅថ្ងៃនេះ ជាការតបស្នងនូវអ្វីដែលអស់លោកបានខិតខំប្រឹងប្រែងបំពេញការងារ ភារកិច្ច និងកាតព្វកិច្ចជាអ្នកបម្រើជាតិមាតុភូមិ និងប្រជាជន។ មន្រ្ដីនគរបាល៩០រូប ដែលទទួលបានភារកិច្ច និងឋានន្ដរស័ក្ដិនៅថ្ងៃនេះ ក៏ដូចជាមន្ត្រីនគរបាលខេត្ដកណ្ដាលទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងសហការគ្នាយ៉ាងស្អិតរមួត ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ពិសេសត្រូវខិតខំប្រឹងប្រែងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយឥតលក្ខ័ណ្ឌ៕
មតិយោបល់