ព័ត៌មានជាតិ

តុលាការកោះហៅ ប្រធានក្រុមហ៊ុនមួយរូប ជុំវិញ​រឿង​គំរាម​កំហែង​​សម្លាប់ស្រ្តីម្នាក់​

កណ្ដាលៈ ប្រធាន​ក្រុមហ៊ុន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​ជប៉ុន​ ស៊ី​ អិល​ ជ្រើសរើស​បណ្ដុះបណ្ដាល​ និង​បញ្ជូន​សិក្ខាកាម​ទៅ​ធ្វើកម្មាសិក្សា​នៅ​ប្រទេស​ជប៉ុន​ បាន​គំរាម​សម្លាប់​ស្ត្រី​ម្នាក់​ តែត្រូវ​ប្រឈម​មុខនឹង​ផ្លូវច្បាប់​ ខណៈដើម​បណ្ដឹងបាន​សំណូមពរឲ្យ​ស្ថាប័ន​តុលាការ​ ចាត់ការតាម​​ផ្លូវ​ច្បាប់​។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ ​បានបង្ហើប​ឲ្យដឹង​ថា​លោក​ ហេង​ ផេង​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ បាន​កោះហៅ​ឈ្មោះ​ ឆៀង​ ឆុម​ អាយុ​៤១ឆ្នាំ​ ស្នាក់នៅ​ភូមិ​មរ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​ធ្នូ​ ឆ្នាំ២០១៧ខាងមុខ​នេះ​ជុំវិញដំណើរ​រឿង​ «គំរាម​កំហែង​​សម្លាប់​​ស្ត្រី​ម្នាក់​ឈ្មោះ​ សុខ​ សោភ័ណ្ឌ​»។

បើយោតាមមាត្រា​២៣៣ នៃ​ច្បាប់​​ព្រហ្មទណ្ឌ​ បានចែង​ថា «ការ​គំរាមកំហែង​ថា​នឹង​សម្លាប់​ ប្រសិនបើ​ប្រព្រឹត្ត​ធ្វើ​​ម្តង​ហើយ​ម្តង​ទៀត និង​សម្តែង​ចេញ​តាម​លិខិត​ រូបភាព​ ឬ​ក៏វត្ថុតាង​អី្វ​មួយ​នោះ នឹងត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ ចាប់ពី​៦ខែ​ទៅ​២ឆ្នាំ​ព្រមទាំង​ពិន័យ​ជា​ប្រាក់ ចាប់​ពី​១លាន​រៀល​ទៅ​៤លាន​រៀល​»។

ពាក់ព័ន្ធ​នឹងករណី​ខាងនេះ​ លោក​ស្រី​ សុខ​ សោភ័ណ្ឌ​ ត្រូវជា​ដើម​បណ្ដឹង​បានអះអាង​ថា​ ខណៈដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ឈ្មោះ អៀត​ សារឹម​ បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ គេ​ឃើញ​វត្តមាន​បុរស​ម្នាក់មាន​ឈ្មោះ​ ឆៀង​ ឆុម​ ​បាននិយាយ​គំរាម​ជា​ច្រើន​ និង​ស្រែក​ឡូឡា​ ជុំវិញ​ការឃាត់​ខ្លួនឈ្មោះ​ អៀត​ សារឹម​ផងដែរ។​

ប្រធាន​ក្រុមហ៊ុន​រូប​នេះ ​បានគំរាម​ដើម​បណ្ដឹង​ថា​ ចាំ​ជួប​គ្នា​នៅ​សាលាឧទ្ធរណ៍​ម្តង​ទៀត​ ហើយ​នឹង​ធ្វើឲ្យ​ដើម​បណ្ដឹង​ត្រូវជាប់​គុក​ម្តង​ ព្រមទាំងពាក្យ​ប្រមាថ​អាយុ​ជីវិត​មួយ​ចំនួន​ទៀត​ បើទោះជាត្រូវបានគំរាមកំហែងយ៉ាងណាក្តី​លោក​ស្រី​ សុខ​ សោភ័ណ្ឌ​ នៅតែបន្តអះអាង​ថា​ ពុំ​មាន​ការ​ខ្លាច​ញញើត​ឡើយ​ ហើយ​សង្ឃឹមនិងជឿជាក់​ថា​ តុលាការ​​នឹង​ផ្ដល់​ភាព​យុត្តិធម៌​សម្រាប់រូបគាត់ផងដែរ។

ក្រោយពីទទួលបានពាក្យ​បណ្តឹង ពីដើមចោទ រហូតមកដល់​ថ្ងៃទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧
នៅពុំ​ទាន់​អាច​ស្វែងរក​ប្រភព​ព័ត៌មាន​ ដែលទាក់ទង​ប្រធាន​ក្រុមហ៊ុន​រូប​នេះនៅឡើយទេ​៕

មតិយោបល់