ក្រុមបាល់ទាត់ Manchester City នៅតែអាចរក៣ពិន្ទុ បានដដែល បន្ទាប់ពីបន្តមកយកឈ្នះក្រុម Southampton ក្នុងលទ្ធផល ២-១ យប់មិញនេះ។
យ៉ាងណាវិញ សម្រាប់ការប្រកួតនេះ ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling បានក្លាយជាតួអង្គយ៉ាងសំខាន់របស់ Man City ដោយកីឡាកររូបនេះ បានស៊ុតនៅចុងម៉ោង ដែលជាម៉ោងគ្រោះថ្នាក់ ជួយឲ្យ Man City បនតឈ្នះការប្រកួតនេះទៀត។ គួរបញ្ជាក់ផងដែរថា នៅក្នុងតង់ទី១ ក្រុមទាំង២ មិនអាចទាត់បញ្ចូលទីគ្នាបានឡើយ បើទោះបីជា មានឱកាសខ្លះៗក៍ដោយ។ ក៍ប៉ុន្តែឈានចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះ Manchester City បានបើកការនាំមុខមុន នៅនាទីទី៤៧ ដើមតង់ ដោយការស៊ុតរបស់ខ្សែបម្រើកំពុងឡើងជើង Kevin de Bruyne ។
យ៉ាងណាវិញ ការនាំមុខនេះ មិនស្ថិតស្ថេរឡើយ ព្រោះថា នៅនាទីទី៧៥ ក្រុម Southampton អាចតាមស្មើបានមកវិញ តាមរយៈការស៊ុតរបស់ កីឡាករ Oriol Romeu ដែលធ្វើឲ្យ Man City មានការព្រួយបារម្ភ ក្នុងការរបូតពិន្ទុ ពីការប្រកួតនេះ។ ក៍ប៉ុន្តែ នៅនាទីទី៩០+៦ ខ្សែប្រយុទ្ធ អង់គ្លេស Raheem Sterling ធ្វើបានយ៉ាងល្អ ដោយអាចស៊ុតបញ្ចូលទី គ្រាប់បាល់ជ័យជម្នះឲ្យក្រុម Manchester City បានវិញ។
ដូច្នេះហើយ ក្រុម Manchester City នៅតែរក្សាតំណែងកំពូលតារាងដដែល ដោយមិនទាន់ភ្លាត់ចាញ់មួយប្រកួតណានៅឡើយទេ។
https://www.youtube.com/watch?v=BvknfDet364&t=10s
មតិយោបល់