ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចុះពិនិត្យការបូមទឹក បង្ហូរចូល ស្ទឹងសិរីសោភ័ណ

បន្ទាយមានជ័យ: លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យការបូមទឹក ពីស្ទឹងតូច បង្ហូរចូលក្នុង ស្ទឹងសិរីសោភ័ណ ដើម្បីជួយបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោភណ័ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នេះ។

អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ បានឱ្យ Post News ដឹងថា បច្ចុប្បន្ន ទឹកក្នុង ស្ទឹងសិរីសោភ័ណ បានរីងស្ងួតអស់ ស្ទើរទាំងស្រុង ដែលគិតមកដល់ថ្ងៃនេះ ទឹកអាចបំពេញតម្រូវការ បានយ៉ាងច្រើន ក្នុងរយៈពេលមួយសប្តាហ៍ទៀត ក្រុងទាំងមូលនឹងត្រូវអស់ទឹកប្រើប្រាស់។ ដូច្នេះ ដើម្បីបំពេញសេចក្តីត្រូវការនេះ អាជ្ញាធម៌ខេត្ត បានចាត់តាំងឱ្យ មន្ទីរជំនាញ រួមជាមួយ ក្រុមហ៊ុនទឹកស្អាត ត្រូវដាក់ម៉ាស៊ីនបូមទឹក បង្ហូរចូលស្ទឹង ជាបន្ទាន់ ជៀសវាងប្រជាពលរដ្ឋក្នុងក្រុុងរបស់យើង ដាច់គ្មានទឹកប្រើប្រាស់។

ក្នុងនោះ អាជ្ញាធរខេត្ត បានស្វះស្វែងរកប្រភព ដែលអាចទាញយកទឹកមកប្រើប្រាស់ ដោយត្រូវទាញយកទឹក ពីអាងកំពីងពួយ នៃខេត្តបាត់ដំបង បង្ហូរតាមស្ទឹងបវេល មកស្ទឹងមង្គលបូរី ដែលចំនាយពេលវេលា យ៉ាងតិច មួយសប្តាហ៍។ តែដោយឡែក ទឹកស្ទឹងសិរីសោភ័ណ ដែលនៅសេសសល់ មិនអាចផ្គត់ផ្គង់ ការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុង រហូតដល់មួយសប្តាហ៍នោះទេ ដូច្នេះមានតែធ្វើការសង្គ្រោះបន្ទាន់ ដើម្បីមានទឹកប្រើប្រាស់បន្ត។ អាជ្ញាធរ បានដាក់ម៉ាស៊ីន ចំនួន ២គ្រឿង បូមទឹកចេញពីស្ទឹងតូច ស្ថិតក្នុងសង្កាត់ទឹកថ្លា បង្ហូរតាមប្រឡាយកណ្តោល ធ្លាក់ទៅក្រោយ សួនផ្កាមួយរយ ស្ទឹងសិរីសោភ័ណ។

ក្នុងពេលចុះពិនិត្យស្ថានីយ៍បូមទឹក លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានជំរុញឱ្យស្ថាបន័ពាក់ពន្ធ័ ពិសេសអាជ្ញាធរខេត្ត ត្រូវសហការគ្នា ធ្វើយ៉ាងណា បូមទឹកដាក់ស្ទឹង ឱ្យបានពេញ ដើម្បីបំពេញតម្រូវការពលរដ្ឋ ក្នុងក្រុងសិរីសោភ័ណ ឱ្យបាន ជៀសវាងក្រុងទាំងមូល គ្មានទឹកប្រើប្រាស់៕

photo_2016-04-23_19-53-50 photo_2016-04-23_19-53-52 photo_2016-04-23_19-53-54 photo_2016-04-23_19-53-58 photo_2016-04-23_19-54-02 photo_2016-04-23_19-54-05 photo_2016-04-23_19-54-08 photo_2016-04-23_19-54-12 photo_2016-04-23_19-54-16

មតិយោបល់