ព័ត៌មានជាតិ

គ្រាន់តែរឿងទិញម្ហូបសោះ ប្រពន្ធចាក់ប្តីមួយកាំបិត រងរបួសធ្ងន់!

ប៉ៃលិនៈ កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីអំពើហឹង្សាក្នុងគ្រួសារមួយ បានកើតឡើង
ដោយប្រពន្ធបានចាក់ប្ដី២កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ដែលស្ថិតនៅត្រង់ចំណុចដីឡូ ភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉លិន ខេត្តប៉ៃលិន។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពិន បេ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធ២នាក់ ទី១មានឈ្មោះ តេង រ៉ង អាយុ៤៦ឆ្នាំ មុខរបរធ្វើចំការ បច្ចុប្បន្នស្នាក់នៅភូមិឆេះបានឡាំង ឃុំអធបតី ស្រុកកោះក្រឡ ខេត្តបាត់ដំបង មានកូន៤នាក់ និងប្រពន្ធទី២ ដែលជាជនបង្កមានឈ្មោះ រុន ស្រី អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅជិតស្ត្រីប្រពន្ធទី១ដែរ មានកូនប្រុសម្នាក់ អាយុ៣ខែ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ ចំណែកជនរងគ្រោះជាប្ដី ត្រូវបានអ្នកជិតខាងដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

យោងតាមប្រភពព័ត៌មាន ពីអ្នកនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្ដីបានទូរសព្ទពីកន្លែងធ្វើការសំណង់មកប្រពន្ធ តែប្រពន្ធមិនលើកទូរសព្ទ លុះពេលបុរសជាប្ដីមកដល់ផ្ទះ ក៏ឃើញប្រពន្ធកំពុងផឹកស្រាជាមួយអ្នកជិតខាង ប្ដីក៏ដើរចូលទៅផ្ទះបាយ ដើម្បីរកបាយហូប តែមិនឃើញមានសម្លនៅក្នុងឆ្នាំងនោះទេ ក៏មានចិត្តខឹងនឹងប្រពន្ធ រួចសួរប្រពន្ធថា «ហេតុអ្វីឯងមិនទៅទិញសម្លយកមកហូបបាយ» ពេលនោះប្រពន្ធបានឆ្លើយតបវិញថា «មានលុយពីណាបើឯងមិនឲ្យខ្ញុំផង» បន្ទាប់មកបង្កើតជាជម្លោះជេរប្រទេចដាក់គ្នាទៅវិញទៅមក ក៏ផ្ទុះជាអំពើហិង្សាកើតឡើងតែម្តង ដោយបុរសជាប្តីត្រូវបានប្រពន្ធទី២ចាក់២កាំបិត ចិតបន្លែមុខស្រួចត្រង់កន្លែងគូទខាងឆ្វេង មួយកន្លែងនិងនៅក្បែរបំពង់កមួយកន្លែងទៀត បណ្ដាលឲ្យរងរបួសធ្ងន់ដួលហូរឈាមជោកខ្លួននៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ ជនបង្កជាប្រពន្ធត្រូវបានសមត្ថកិច្ចប៉ុស្ថិ៍សង្កាត់ទួលល្វាឃាត់ខ្លួន រួចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីធ្វើកិច្ចសន្យាបញ្ចប់រឿងឲ្យវិលត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់